​ក្រុមហ៊ុនជាច្រើននៅជប៉ុន ត្អូញត្អែរ​ពីការលំបាកជ្រើសរើសបុគ្គលិកខ្លាំង ក្រោយរដ្ឋាភិបាលផ្អាកទទួល​ពលករបរទេស
S
Sinuon Nop
2 ម៉ោងមុន

រាជធានីតូក្យូ៖ ក្រុមហ៊ុននានា នៅក្នុងប្រទេសជប៉ុន កំពុងតែត្អូញត្អែរអំពីការលំបាកខ្លាំង នៅក្នុងការជ្រើសរើសបុគ្គលិកធ្វើការ ក្រោយពេលរដ្ឋាភិបាលក្រុងតូក្យូ ​បានប្រកាស​ផ្អាកទទួលពលករបរទេស ក្រោម​ស្ថានភាពទិដ្ឋាការ ប្រភេទ «​កម្មករជំនាញពិសេសជាក់លាក់ (i)»​ សម្រាប់វិស័យសេវាកម្មម្ហូបអាហារ ចាប់តាំងពីខែមេសា ឆ្នាំ២០២៦រហូតមក ហើយវិធានការបែបនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ខណៈជប៉ុន​កំពុងតែ​ប្រឈម​នឹងបញ្ហាកង្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរដែលស្រាប់ ហើយ​​មានការប្រកួតប្រជែងដណ្តើមយកកម្មករ រវាងតំបន់ជនបទ និងទីក្រុងធំៗ កាន់តែមានសភាពស្រួចស្រាល់បន្ថែមទៀត។ នេះបើតាមសារព័ត៌មានដ៏ធំមួយរបស់ជប៉ុន The Mainichi បានផ្សាយ កាលពីព្រឹក ថ្ងៃអាទិត្យ ទី៣០ ខែសីហា។

ការសម្រេចចិត្តផ្អាកទទួលយកពលករបរទេសរបស់រដ្ឋាភិបាល ​អនុវត្តជាចម្បងទៅលើនីតិវិធី នៃការនាំចូលពលករ​ថ្មីៗ មកពីក្រៅប្រទេស។ ចំពោះជនបរទេសដែលកំពុងតែធ្វើការ នៅក្នុងប្រទេសជប៉ុន ក្រោមលក្ខខណ្ឌទិដ្ឋាការបែបនេះដែលមានស្រាប់ ពួកគេនៅតែអាចបន្តដាក់ពាក្យស្នើសុំផ្លាស់ប្តូរការងារ នៅក្នុងវិស័យនេះ ឬបន្តសុពលភាព សម្រាប់​ការស្នាក់នៅរបស់ពួកគេ ដូចធម្មតា។ សម្រាប់ម្ចាស់ភោជនីយដ្ឋាននានាវិញ គឺ​​ការមិនអាចជួលបុគ្គលិក មកពីក្រៅប្រទេស មានន័យថា ពួកគេគ្មានជម្រើសអ្វី ក្រៅតតែអំពីការជ្រើសរើស​មនុស្ស ដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនស្រាប់នោះឡើយ។

កម្មករបរទេស បានត្រូវគេអូសទាញឲ្យទៅធ្វើការងារ នៅតាមតំបន់ផ្សេងៗ នៃទីក្រុងតូក្យូ។ នេះបើតាមការលើកឡើងរបស់​ក្រុមហ៊ុនជាសមាជិក នៃសមាគមសេវាកម្មម្ហូបអាហារជប៉ុន (Japan Foodservice Association) ដែលបានរៀបរាប់ អំពីការលំបាកក្នុងការរក្សាកម្មករឱ្យបន្តធ្វើការជាមួយខ្លួន។​

ក្រុមហ៊ុនសាជីវកម្មពិភពលោកមីណាវី (Mynavi Global Corp.) មានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលគាំទ្រដល់ការជ្រើសរើសពលករបរទេស បានបញ្ជាក់ ថា ចំនួនការងារដែលក្រុមហ៊ុននេះគ្រប់គ្រង​តួនាទីជា «ពលករជំនាញជាក់លាក់» ​ក្នុងវិស័យភោជនីយដ្ឋាន បានកើនឡើង ចំនួន២,៦ដង ចន្លោះពីថ្ងៃទី២៧ ខែមីនា (ចំពេល​រដ្ឋាភិបាលប្រកាសផ្អាក​ទទួលយកពលករថ្មី​) និងថ្ងៃទី១៦ ខែកក្កដា។ ​ការកើនឡើង នៃឱកាសការងារ មានសភាពខ្លាំងក្លា ជាពិសេស នៅក្នុងតំបន់ទីក្រុងតូក្យូ។

លោក ម៉ូតូគិ យូហ្ស៊ូរីហា (Motoki Yuzuriha) ប្រធានក្រុមហ៊ុន Mynavi Global បានបញ្ជាក់ ថា ​ថា៖ «ប្រភពផ្គត់ផ្គង់កម្លាំងពលកម្មដ៏សំខាន់មួយ ត្រូវបានកាត់ផ្តាច់ ហើយអារម្មណ៍នៃវិបត្តិ ការព្រួយបារម្ភ និងភាពច្របូកច្របល់ នៅតែបន្តកើតមាន នៅលើទីលានការងារជាក់ស្តែង​។ ពលករ នឹងបន្តស្វែងរកការងារ នៅក្នុងតំបន់ទីក្រុង ហើយបញ្ហាប្រឈមក្នុងការជ្រើសរើសបុគ្គលិកនៅតាមតំបន់ជនបទ ឬតំបន់ក្រៅទីក្រុងធំៗ នឹងកាន់តែមានសភាពធ្ងន់ធ្ងរ ឬលំបាកឡើង»៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត