​អ៊ីស្រាអែល ដេញតាមវាយប្រហារមេបញ្ជាការហាម៉ាស់ ដល់​ក្នុងមន្ទីរពេទ្យ​
S
Sinuon Nop
3 ម៉ោងមុន

រដ្ឋធានីជេរូសាឡឹម(Jerusalem)៖ កងទ័ពអ៊ីស្រាអែល បានអះអាង អំពីការវាយប្រហារលើទីបញ្ជាការមួយកន្លែងរបស់ក្រុមប្រដាប់អាវុធហាម៉ាស់ នៅក្នុងមន្ទីរពេទ្យហ្កាហ្សា (​Gaza) កាលពីថ្ងៃសៅរ៍ ខណៈក្រុមមន្រ្ដីក្រសួងសុខាភិបាលរបស់ដែនដីប៉ាឡេស្ទីនមួយនេះ បានបញ្ជាក់ ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅកន្លែងផ្សេង​ទៀត ដោយបានសម្លាប់មនុស្ស ចំនួន៣នាក់។​ នេះបើតាមទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីត Al Arabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃអាទិត្យ ទី៣០ ខែសីហា។

ការវាយប្រហារចុងក្រោយបំផុតរបស់អ៊ីស្រាអែល នៅក្នុងដែនដីហែកហួរ ដោយសារសង្គ្រាម នាពេលនេះ បានកើតឡើង ក្រោយពេល​មានកិច្ចព្រមព្រៀងឈប់បាញ់ គាំទ្រដោយសហរដ្ឋអាម៉េរិក បានចូលជាធរមាន កាលពីខែតុលា ឆ្នាំ២០២៥។​ អ៊ីស្រាអែល នៅតែបន្តកំណត់គោលដៅលើជនជាតិប៉ាឡេស្ទីន តាមអ្វីដែលខ្លួនចាត់ទុក ជាសមាជិករបស់ក្រុមប្រដាប់អាវុធហាម៉ាស់។

មន្រ្ដីយោធាអ៊ីស្រាអែល បានបញ្ជាក់ ថា អ៊ីស្រាអែល ​បានវាយប្រហារទៅលើមេបញ្ជាការរបស់ក្រុមហាម៉ាស់ (Hamas) ម្នាក់ ដែល «កំពុងតែលាក់ខ្លួន នៅក្នុងបរិវេណ» នៃមន្ទីរពេទ្យអាល់-អាគសា​ (Al-Aqsa​) ស្ថិត​ក្នុងទីក្រុងឌា អាល់-បាឡាហ៍ (Deir al-Balah) នៅ​តំបន់ភាគកណ្តាល នៃហ្កាហ្សា។ ប៉ុន្តែអ៊ីស្រាអែល មិនបានបញ្ជាក់​ភ្លាមៗ ថា តើមេបញ្ជាការរូបនោះ ត្រូវបានសម្លាប់ឬយ៉ាងណានោះដែរ។​​

ជាមួយគ្នានេះ​ មន្ទីរពេទ្យអាល់-អាគសា បានបញ្ជាក់ ថា ​មនុស្សចំនួន៣នាក់ បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅក្បែរឃ្លាំងមួយ នៅជិត​ផ្នែកសម្ភព ស្ថិតក្នុងបរិវេណមន្ទីរពេទ្យនេះ។​ ប៉ុន្ដែកាលពីព្រឹក ថ្ងៃដដែលនោះ មន្ទីរពេទ្យ ​Al-Aqsa បានរាយការណ៍ ថា ​មនុស្សម្នាក់បានត្រូវសម្លាប់ ដោយសារកា​រវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ភាគខាងកើតរបស់ទីក្រុងនេះ។​​

បើតាមក្រសួងសុខាភិបាល នៃដែនដីហ្កាហ្សារបស់ប៉ាឡេស្ទីន បានឲ្យដឹង ថា​ ប្រតិបត្ដិការយោធារបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស យ៉ាងតិច ១ ៣១៣នាក់ ចាប់តាំងពីបទឈប់ បានបាញ់ចូលជាធរមាន។ តួលេខនេះ ត្រូវគិតថា អាចគួរឲ្យទុកចិត្តបាន ដោយអង្គការសហប្រជាជាតិ៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត