អាជ្ញាធរខេត្តកំពត បន្ដដឹកនាំស្ថាប័នពាក់ព័ន្ធនិង​ពលរដ្ឋ ដាំកូនត្នោតរាប់ពាន់ដើមនៅតាមព្រំដែនកម្ពុជា-វៀតណាម
S
Soriya Sou
មួយម៉ោងមុន

ខេត្តកំពត៖ កូនត្នោត ចំនួន៣០០០ដើម បានត្រូវ​អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធខេត្តកំពត បន្តនាំយកទៅដាំតាមព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសំរោងចិន ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស...។

នេះជាលើកទី៤ ដែលអាជ្ញាធរខេត្តកំពត បាននាំ​កូនត្នោតយកទៅដាំ នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ខណៈកាលពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ កូនត្នោតសរុប ១៧ ០០០ដើម បានត្រូវ​ដាំចំនួន៣លើក ស្ថិតក្នុងស្រុកកំពង់ត្រាច ដើម្បីបរិស្ថានបៃតង និងថែរក្សាមរតកវប្បធម៌ជាតិ។ នេះបើតាមការផ្សាយរបស់ន្ទីរព័ត៌មានខេត្តកំពត កាលពីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងពីសារសំខាន់ និងអត្ថប្រយោជន៍ជាច្រើន ឥតគណនា នៃដើមត្នោត ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែដើមត្នោត គឺជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិដ៏រឹងមាំ តំណាងឱ្យទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមគ្នានេះ លោកអភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានដាំកូនត្នោតនេះ ត្រូវរួមគ្នាថែរក្សាកូនត្នោតឱ្យដុះលូតលាស់ល្អ និងបន្តដាំកូនត្នោតឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

អភិបាលខេត្តកំពត បានផ្តួចផ្តើមគំនិតដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ឱ្យចូលរួមបង្កើតអនុស្សាវរីយ៍ ប្រកបដោយអត្ថន័យ ដោយគូស្វាមីភរិយាថ្មី ពេលមកចុះសំបុត្រអាពាហ៍ពិពាហ៍ អាចឆ្លៀតចូលរួមដាំដើមត្នោតម្នាក់មួយដើម ដើម្បីទុកជាកេរដំណែល និងជាចំណែកជួយការពារព្រំដែនធម្មជាតិឱ្យកាន់តែមានភាពស្រស់បំព្រងតរៀងទៅ។ ការដាំដើមត្នោត នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នេះ គឺមានគោលដៅ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការទាញយកផលប្រយោជន៍ពីដើមត្នោត ក៏ដូចជា នាពេលអនាគត តំបន់ទាំងនេះ នឹងអាចក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ តាមរយៈការមកទស្សនាកម្សាន្ត និងទិញផលិតផលដែលធ្វើចេញពីដើមត្នោត​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត