
ខេត្តក្រចេះ៖ រថយន្តធុនធំមួយចំនួនសង្ស័យដឹកលើសទម្ងន់ តែងបើកគេចស្ថានីយថ្លឹងរថយន្តមានជ័យ ហើយបត់តាមផ្លូវលំ ៧៩ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីធ្វើដំណើរ ឆ្ពោះទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ប្រភពពីពលរដ្ឋដែលជិះតាមផ្លូវនោះ កាលពីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានឃើញមានរថយន្តធុនធំមួយចំនួន ដែលសង្ស័យថា ដឹកទំនិញលើសទម្ងន់កំណត់ បើកបរចេញពីទឹកដីខេត្តមណ្ឌលគិរី តាមផ្លូវជាតិ រហូតមកដល់រង្វង់មូលស្រុកស្នួល។លុះដល់ចំណុចផ្លូវលំ៧៩ រថយន្តទាំងនោះ បានបត់ចូលតាមផ្លូវដី ដោយមិនបានឆ្លងកាត់ស្ថានីយថ្លឹងរថយន្តមានជ័យ តាមផ្លូវដែលបានកំណត់នោះទេ។ សកម្មភាពបែបនេះ បានធ្វើឱ្យប្រជាពលរដ្ ឋមានការព្រួយបារម្ ភខ្លាចខូចខាតផ្លូវថ្នល់សាធារណៈ ប្រសិនបើរថយន្តទាំងនោះ ពិតជាដឹកលើសទម្ងន់កំណត់មែន។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ស្នើឲ្យអាជ្ញាធរខេត្តក្រចេះ និងមន្ត្រីជំនាញពាក់ព័ន្ធ សូមមេត្តាចុះពិនិត្យ និងមានវិធានការទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់ ចំពោះការបើកគេចស្ថានីយថ្លឹងរថយន្ត ដើម្បីរួមចំណែកការពារ និងថែរក្សាគុណភាពផ្លូវថ្នល់ជាតិឱ្យបានយូរអង្វែង។

សូមបញ្ជាក់ផងដែរថា ទម្ងន់ដឹកជញ្ជូនអតិបរមាលើបណ្តាញផ្លូវថ្នល់ ត្រូវអនុញ្ញាតតាមប្រភេទយានយន្ត ដូចជា យានយន្តភ្លៅ២ ទម្ងន់អនុញ្ញាត១៦តោន, យានយន្តភ្លៅ៣ ទម្ងន់អនុញ្ញាត ២៥តោន, យានយន្តភ្លៅ៤ ទម្ងន់អនុញ្ញាត ៣០តោន, យានយន្តសណ្តោងរ៉ឺម៉កមានភ្លៅ៥ ទម្ងន់អនុញ្ញាត ៤០តោន និងយានយន្តសណ្តោងរ៉ឺម៉ក មានភ្លៅ៦ ឡើងទៅ ទម្ងន់អនុញ្ញាត ៤៥តោន។ ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីការពារផ្លូវថ្នល់ មិនឱ្យខូចខាត នៅមុនអាយុកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់អ្នកធ្វើដំណើរតាមដងផ្លូវ៕ រាយការណ៍៖ លោក សារីណែត



