
ក្រុងកំពង់ចាម៖ ដំណាំរបស់ប្រជាកសិកររាប់រយហិកតា ស្ថិតក្នុងខេត្តកំពង់ចាម កំពុងលិចលង់ដោយជំនន់ទឹកទន្លេមេគង្គ ដោយគិតត្រឹមតែស្រុកកំពង់សៀម មានការខូចខាតដំណាំពោតតែមួយមុខ អស់ប្រមាណជាង៣០០ហិកតា...។

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ លោកបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកោះរកា និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលរងការខូចខាត ដោយសារទឹកជំនន់ទន្លេមេគង្គ ដើម្បីតាមដាន និងស្វែងរកវិធានការសមស្រប ដើម្បីជួយដល់ប្រជាកសិករ ដែលកំពុងប្រឈមនឹងការខូចខាតផលដំណាំ។

ក្រោយចុះត្រួតពិនិត្យរួចមក លោកអភិបាលខេត្ត បានប្រមូលរបាយការណ៍ និងរកឃើញថា មានដំណាំរបស់ប្រជាកសិករជាង២០០គ្រួសារ ត្រូវបានទឹកជំនន់ជន់លិច ជាពិសេស គ្រាន់តែដំណាំពោត ខូចខាតអស់ប្រមាណជាង៣០០ហិកតា។ ក្នុងឱកាសនោះ លោកអភិបាលខេត្តកំពង់ចាម បានចាត់ឱ្យមន្ត្រីជំនាញ ធ្វើបច្ចុប្បន្នភាពអំពីស្ថានភាព ដំណាំដែលរងការខូចខាតនៅទូទាំងខេត្ត ដើម្បីវាយតម្លៃ និងពិនិត្យលទ្ធភាព ស្នើសុំជំនួយជាស្បៀងអាហារ ឬពូជដំណាំ សម្រាប់ជួយសម្រួលដល់ជីវភាព និងការស្តារផលិតកម្មរបស់ប្រជាកសិករ ដែលរងផលប៉ះពាល់ពីទឹកជំនន់៕





