
រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញលោក ថូ សំណាង កាលនៅជាមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស និងបក្ខពួក ទទួលបានលុយដល់ទៅ«ប្រមាណ៣លានដុល្លារ»ឯណោះ ពីការលួចផ្តល់ទិដ្ឋាការ ឬវីសាពិសេសប្រភេទ C និងប្រភេទ CEX សរុប១,២ម៉ឺនសន្លឹក ដល់ជនបរទេសជាពួកឆបោកអនឡាញ។

បក្ខពួក២នាក់ទៀតរបស់លោក ថូ សំណាង គឺលោក ណុប រដ្ឋា និងលោក យស់ រ៉ាណេ។ គ្រាន់តែលោក ថូ សំណាង ម្នាក់ឯង មានគណនីធនាគារដល់ទៅ៣៧៥គណនី លោក ណុប រដ្ឋា មានគណនីធនាគារចំនួន៥ និងលោក យស់ រ៉ាណេ មានគណនីធនាគារចំនួន១១។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានផ្សព្វផ្សាយជាសាធារណៈ អំពីរបាយការណ៍យ៉ាងលម្អិតពាក់ព័ន្ធនឹងករណីជនសង្ស័យទាំង៣នាក់នេះ។

លោក ថូ សំណាង សារភាពប្រាប់អង្គភាពប្រឆាំងអំពើពុករលួយថា ក្នុងចំណោមទឹកប្រាក់ខ្ទង់៣លានដុល្លារនេះ លោកទទួលបានតែ៤៥ម៉ឺនដុល្លារប៉ុណ្ណោះ។ ក៏ប៉ុន្តែ ជាក់ស្តែង អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញទឹកប្រាក់ដល់ទៅ៩៨ម៉ឺនដុល្លារ (ក្បែរ១លានដុល្លារ) របស់លោក ថូ សំណាង និងរកឃើញ២៥ម៉ឺនដុល្លារទៀតរបស់លោក ណុប រដ្ឋា។

អង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសថា កំពុងបន្តស្វែងរកលុយរបស់ក្រុមជនសង្ស័យទាំងនេះបន្ថែមទៀត ព្រោះអង្គភាពប្រឆាំងអំពើពុករលួយ សង្ស័យថា អាចនៅមានចំនួនលើសពីនេះ និងកំពុងត្រូវបានលាក់ទុក។ អង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា លុយទាំងនេះ ជាប្រភេទលុយកខ្វក់ ដែលក្រុមជនសង្ស័យបានលាងសម្អាត។ អង្គភាពប្រឆាំងអំពើពុករលួយ នឹងស្នើសុំឱ្យតុលាការបង្កកលុយទាំងអស់នេះ ហើយនឹងរឹបអូសដាក់ជាទ្រព្យសម្បត្តិរដ្ឋ។ លោកទាំង៣ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន និងបញ្ជូនទៅតុលាការរាជធានីភ្នំពេញ នៅចុងខែសីហាថ្មីៗនេះ៕





