
ខេត្តប៉ៃលិន៖ ដំណាំពោតក្រហម ដែលមានទីផ្សារធំនៅប្រទេសថៃ ឆ្នាំនេះហាក់ធ្លាក់តម្លៃលក់ចេញបន្តិចបើប្រៀបទៅនឹងឆ្នាំមុនធ្វើឱ្យម្ចាស់ចម្ការមិនសូវសប្បាយចិត្ត ប៉ុន្តែសម្រាប់កម្មករស៊ីឈ្នួលកាច់ពោតវិញ ទទួលភាពសប្បាយរីករាយដោយក្នុងមួយថ្ងៃៗ ពួកគេអាចរកប្រាក់ចំណូលបានច្រើនជាងរាល់ឆ្នាំ នោះក៏ព្រោះតែឆ្នាំនេះ ម្ចាស់ចម្ការងាកមកដាំពោតច្រើនជាងរាល់ដង...។

ថ្លែងប្រាប់ភ្នាក់ងារ SBM News ប្រចាំខេត្តប៉ៃលិន លោក យ៉ែម ប្រុស រស់នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ម្ចាស់ចម្ការពោតក្រហមដាំដុះលើផ្ទៃដី៥ហិកតា បានឱ្យដឹងថា ចម្ការដំណាំពោតក្រហមរបស់លោកអាចទទួលផលចន្លោះពី៣៥តោនទៅ៤០តោន និងអាចលក់បានតម្លៃ៤៥០រៀលក្នុង១គីឡូក្រាម(ទាំងស្នូល) ក្រោយចំណាយពេលដាំដុះអស់រយៈពេល៣ខែ ដោយទទួលបានកម្រៃសមល្មមនឹងដោះបំណុលពូជ ថ្នាំសម្លាប់សត្វល្អិត ជីកសិកម្ម ដែលបានឡើងថ្លៃខ្ពស់ជាងរាល់ៗឆ្នាំ និងចំណាយមួយផ្នែកទៀតទៅលើការជួលកម្មករកាច់ពោតមួយចំនួនផងដែរ ធ្វើឱ្យការទទួលផលចំណេញរបស់លោកឆ្នាំនេះធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ប៉ុន្តែយ៉ាងណា លោក យ៉ែម ប្រុស ថា ការទទួលកម្រៃប៉ុណ្ណេះគ្រាន់បើជាងទុកដីឱ្យទំនេរចោលឥតប្រយោជន៍ដែរ ទោះបានតិចតួចក្ដី គ្រាន់អាចដោះស្រាយជីវភាពគ្រួសារលោកបានខ្លះៗដែរ។

លោក យ៉ែម ប្រុស បន្តថា លោកជួលកម្មករកាច់ពោតជាង១០នាក់ ដោយក្នុង១ការ៉ុង ពួកគេទទួលបានថ្លៃឈ្នួល៣៥០០រៀល ហើយក្នុង១ថ្ងៃៗ ម្នាក់ៗអាចរកចំណូលបានចាប់ពី៤ទៅ៥ម៉ឺនរៀលដែរ។ លោកថា ពេលខ្លះចំណូលកម្មករកាច់ពោតចង់ល្អជាងម្ចាស់ចម្ការទៅទៀត គាត់ហត់តែកម្លាំង មិនចំណាយពេលលើការដាំដុះ ពូជ ថែទាំ ទិញជីទិញថ្នាំសម្លាប់សត្វ បូមទឹកស្រោចស្រពទម្រាំទទួលផល គឺចំណាយច្រើនណាស់ ហើយបើទូទាត់រយៈពេល៣ខែនៃការស៊ីឈ្នួលរបស់ពួកគេ ហើយប្រៀបជាមួយនឹងម្ចាស់ចម្ការ គឺភាគីខាងម្ចាស់ចម្ការទទួលផលតិចជាងកម្មករតែម្ដង។ តែទោះជាយ៉ាងណា ពួកលោកជាម្ចាស់ចម្ការសប្បាយរីករាយនឹងមុខរបរមួយនេះ ព្រោះអាចចែករំលែកប្រាក់ជាមួយគ្នា ទាំងលោកក៏ទទួលបានផលចំណេញ ឯកម្មករក៏ទទួលបានកម្រៃពីការងាររបស់គាត់ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក រស់នៅមានភាពសមរម្យ មិនមានក៏មិនក្រខ្សត់អត់អាហារទទួលទានដែរ..៕
រាយការណ៍ដោយ៖ វិឆ័យ ប៉ៃលិន






