ហេតុអ្វី ដើមត្នោត ត្រូវបានហៅថា ដើមឈើនៃជីវិត?
S
Sreyleak Yith
16 មីនា 2026 01:30 PM

រាជធានីភ្នំពេញ៖ ដើមត្នោត ត្រូវបានកំណត់ជាផ្លូវការជាព្រះរាជរុក្ខតំណាងជាតិ ដោយព្រះរាជក្រឹត្យក្នុងឆ្នាំ២០០៥ ដោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បានជាគេចាត់ទុកដើមត្នោត ជាដើមឈើនៃជីវិត ព្រោះគ្រប់ផ្នែកទាំងអស់នៃដើមត្នោត សុទ្ធតែផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ…។

មន្រ្តីក្រសួងទេសចរណ៍ គូសបញ្ជាក់ថា ដើមត្នោត ជាដើមឈើបុរាណ មានអាយុកាលដ៏យូរលង់ជាអត្តសញ្ញាណខ្មែរ មានការប្រើប្រាស់ច្រើនសម្បូរបែបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាំងពីដើមរហូតដល់ស្លឹក ដោយបងប្អូនប្រជាពលរដ្ឋ អាចយកមកកែច្នៃជារបស់របរប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗលក់ជូនអ្នកទេសចរជាតិ-អន្តរជាតិ។ ដើមត្នោត មានឈ្មោះវិទ្យាសាស្រ្តថា Borassus flabellifer។ ដើមត្នោត មិនមែនគ្រាន់តែជាដើមឈើធម្មតា ប៉ុន្តែវាគឺជាប្រភពចំណូល និងជាសសរស្តម្ភនៃសហគមន៍មូលដ្ឋាន។ 

ប្រយោជន៍ដែលផ្តល់ឱ្យដ៏សម្បូរបែបនោះ មានដូចជា ដើម៖ ជាឈើដ៏រឹងមាំសម្រាប់ធ្វើទូក សង់ផ្ទះ និងគ្រឿងសង្ហារឹមបែបបុរាណ។ ស្លឹក៖ អាចយកមកត្បាញជាមួក កន្ទេល កន្ត្រក ស្មុគ ឬប្រើសម្រាប់ប្រក់ដំបូលផ្ទះបានយ៉ាងជាប់ល្អ។ ផ្លែ៖ ជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ធ្វើបង្អែមក្នុងស្រុក ដូចជា នំអាកោត្នោត និងបង្អែមផ្សេងៗទៀត។ល។ ទឹកត្នោត៖ អាចទទួលទានបានជាភេសជ្ជៈដ៏ផ្អែមឆ្ងាញ់ និងអាចយកទៅធ្វើជាទឹកត្នោតជូរ និងស្ករត្នោតផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត