
រាជធានីភ្នំពេញ៖ អាជ្ញាធរជាតិអប្សរានៅរសៀលថ្ងៃទី១៣មិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមការងារបាននិងកំពុងបណ្តុះដើមត្នោតនៅតាមស្ថានីយបណ្តុះកូនឈើនានាមានប្រមាណជាង២ពីរពាន់ដើមបន្ថែម ត្រៀមដាំដុះនៅតាមទីតាំងក្បែរមាត់ប្រឡាយ និងទំនប់បុរាណនារដូវវស្សាខាងមុខ ដើម្បីថែរក្សាដើមត្នោតជាតំណាងអត្តសញ្ញាណរបស់ខ្មែរ។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងមួយឆ្នាំៗក្រុមការងារបានបណ្តុះ និងដាំកូនឈើពូជប្រណិតៗរាប់ម៉ឺនដើម ដើម្បីដាំដុះឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីឈើប្រណិតៗអាជ្ញាធរជាតិអប្សរា ក៏បានគិតគូរចំពោះការដាំដុះនូវប្រភេទដើមឈើលម្អ ឬដើមឈើហូបផ្លែផ្សេងៗ។ ដើមត្នោតក្រៅពីជាឈើបុរាណដែលមានអាយុកាលដ៏យូរលង់ជាអត្តសញ្ញាណខ្មែរ ក៏មានការប្រើប្រាស់ច្រើនសម្បូរបែបក្នុងជីវភាពរស់នៅប្រចាំថ្ងៃតាំងពីដើមរហូតដល់ស្លឹកដោយបងប្អូនប្រជាពលរដ្ឋអាចយកមកកែច្នៃជារបស់របរប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗលក់ឱ្យទេសចរ ចំណែកផ្លែត្នោត និងទឹកត្នោតសម្រាប់ធ្វើនំលក់ជាដើម។

មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹកបន្ថែមថា តម្រូវការប្រើប្រាស់ដើមត្នោតបានកើនឡើងជាប្រចាំជាហេតុអាចប្រឈម និងការបាត់បង់ដើមឈើជាអត្តសញ្ញាណមួយនេះបើសិនមិនមានការដាំដុះឡើងវិញនោះ។ ដូច្នេះអាជ្ញាធរជាតិអប្សរាសូមសំណូមពរបងប្អូនមិនត្រូវកាប់ដើមត្នោតទាំងនោះជាដាច់ខាតព្រោះថា ដើមឈើទាំងនោះទម្រាំដាំដុះឱ្យធំលូតលាស់ផ្តល់ផលមកវិញចំណាយពេលមិនតិចជាង២០ឆ្នាំឡើយ។ បច្ចុប្បន្ននេះដើមត្នោតដែលបានដាំដុះរួច និងកំពុងលូតលាស់យ៉ាងល្អប្រសើរលើដីនៃឧទ្យានអង្គរមានចំនួនប្រមាណ៥ពាន់ដើមរួចមកហើយ៕





