រយៈពេលប្រាំថ្ងៃ ក្រសួងបរិស្ថាន ទប់ស្កាត់ការទន្ទានដីព្រៃនៅ«គិរីរម្យ»ជាង២ហិកតា
អុន សម្ផស្ស
21 ម៉ោងមុន

ខេត្តកំពង់ស្ពឺ៖ គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះល្បាត និងទប់ស្កាត់ការកាប់រានដីព្រៃ និងបទល្មើសផ្សេងៗចំនួន១២ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ។ ក្រសួងបរិស្ថានប្រកាសព័ត៌មាននេះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦..។

ក្រសួងជំនាញមួយនេះ បន្ថែមថា ប្រតិបត្តិការនេះ រួមមាន៖ បង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់ ការបោះបង្គោលហ៊ុមព័ទ្ធ និងសំណង់ខុសច្បាប់។ ក្នុងនោះ ក៏មានការកាប់គាស់ ឆ្ការ ដុត ទន្រ្ទានដីព្រៃ ធ្វើជាកម្មសិទ្ធិខុសច្បាប់ចំនួន៣ករណី លើផ្ទៃដីសរុបជាង ២ហិកតា ការដាក់អន្ទាក់សត្វ១ករណី និងការដោះអន្ទាក់បានចំនួន១៥ខ្សែ។ តាមក្រសួង ក្រុមការងារបានរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីបញ្ជូនទៅតុលាការ។

ក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ បានប្រកាសសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អ្នកស្រឡាញ់បរិស្ថាន និងប្រជាពលរដ្ឋនៅតាមសហគមន៍ បន្តបង្កើនការចុះល្បាតយ៉ាងសកម្ម ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់ការទន្ទ្រានដីព្រៃខុសច្បាប់។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ក៏បានដាក់ចេញនូវយុទ្ធនាការធ្វើប្រសើរឡើង ភាពត្រឹមត្រូវ ភាពពេញលេញ និងប្រសិទ្ធភាពខ្ពស់នៃការគ្រប់គ្រង ការអនុវត្តច្បាប់ និងវិធានការនានា ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត