
រដ្ឋធានីកដ្ឋមណ្ឌូ៖ ទឹកជំនន់ជន់ភ្លាមៗដ៏ខ្លាំងក្លា បានវាយប្រហារយ៉ាងសន្ធាប់លើប្រទេសនេប៉ាល់ ដោយបានពន្លិចកួចភូមិឋានប្រជាជន ព្រមទាំងបំផ្លិចបំផ្លាញផ្លូវថ្នល់ ស្ពាន និងគម្រោងថាមពលអគ្គិសនីជាច្រើន នៅតំបន់ជាប់ព្រំដែនទីបេ នៅថ្ងៃថ្ងៃពុធ ថ្ងៃទី២៦ ខែសីហានេះ ខណៈអាជ្ញាធរ ព្រមានពីហានិភ័យ នៃការបាត់បង់ជីវិតមនុស្សយ៉ាងច្រើន។

តំបន់ស៊ីយ៉ាប្រ៊ូបេស៊ី (Syapru Besi) និងទីមូរ៉េ (Timure) ស្ថិតក្នុងស្រុករ៉ាស៊ូវ៉ា (Rasuwa) ដែលជាតំបន់ជួរភ្នំមានប្រជាជនរស់នៅប្រមាណ ៥០០០០នាក់ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត។ អាជ្ញាធរបានប្រកាសអាសន្នបន្ទាន់ ឱ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេបូតេកូស៊ី (Bhotekoshi) ប្រញាប់ប្រញាល់ភៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។ វីដេអូដែលត្រូវបានចែករំលែកដោយកងកម្លាំងនគរបាល និងនៅលើបណ្តាញសង្គម បានបង្ហាញពីទិដ្ឋភាពទឹកភក់ និងទឹកល្អក់កកករ ហូរកួចខ្មួលខ្មាញ់យ៉ាងខ្លាំង ដូចបាក់ទំនប់។

លោក អេប៊ី ណារ៉ាយ៉ាន កាហ្វឡេ (Abi Narayan Kafle) អ្នកនាំពាក្យ នគរបាលនេប៉ាល់ បានថ្លែងទាំងបារម្ភថា៖«យើងមិនទាន់ដឹងពីទំហំនៃការខូចខាតពិតប្រាកដនៅឡើយ ប៉ុន្តែទឹកជំនន់នេះ មានកម្លាំងខ្លាំងក្លាណាស់ ហើយវាអាចប៉ះពាល់ដល់តំបន់ប្រជុំជនជាច្រើន។ យើងបានជូនដំណឹងដល់ប្រជាជនដែលនៅជិតមាត់ទន្លេឱ្យជម្លៀសខ្លួនចេញជាប្រញាប់ និងបានដាក់ចេញនូវធនធានទាំងអស់ ដើម្បីសង្គ្រោះ»។ របាយការណ៍បឋម បានបង្ហាញថា ភូមិឋាន និងការដ្ឋានគម្រោងហេដ្ឋារចនាសម្ព័ន្ធត្រូវបានទឹកកួច បាត់ស្រមោលឈឹង ខណៈមនុស្សជាច្រើនអាចនឹងស្លាប់ ហើយទ្រព្យសម្បត្តិជាច្រើន នឹងរងការប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែនៅមិនទាន់អាចវាយតម្លៃតួលេខ ជាក់លាក់បាននៅឡើយ៕





