
រដ្ឋធានីកដ្ឋម៉ាន់ឌូ (Kathmandu)៖ លោកយាយវ័យជិត១០០ឆ្នាំម្នាក់ ពិតជាអាយុមហាថ្លៃខ្លាំងណាស់ ត្រូវបានក្រុមអ្នកជួយសង្គ្រោះ រកឃើញនៅរស់រានមានជីវិត ក្រោមគំនរបាក់បែក ក្រោយគ្រោះមហន្ដរាយដ៏ខ្លាំងក្លា បង្កឡើងដោយការបាក់រលំផ្ទាំងទឹកកក និងការអិលបាក់ដីដ៏ធ្ងន់ធ្ងរ វាយប្រហារយ៉ាងធ្ងន់ធ្ងរ ទៅលើតំបន់ព្រំដែនរវាងប្រទេសនេប៉ាល់ និងតំបន់ស្វ័យតទីបេត៍ (Tibet) ដែលបានសម្លាប់មនុស្ស រាប់រយនាក់ និងជិត២០០០នាក់ផ្សេងទៀត កំពុងតែបន្ដបាត់ខ្លួន។

ទូរទស្សន៍ BBC បានផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ថា ស្ត្រីវ័យ៩៧ឆ្នាំម្នាក់ ដែលត្រូវបានគេជួយសង្គ្រោះ ក្រោយទឹកជំនន់ដ៏មហាកំណាចនៅប្រទេសនេប៉ាល់នោះ ត្រូវបានគេប្រៀបប្រដូចគាត់ទៅនឹង«អ្នកចម្បាំង» វិលត្រឡប់មកពីសមរភូមិ ប្រកបដោយជោគជ័យ។

បើតាមសម្តីរបស់ក្រុមគ្រូពេទ្យ បានឱ្យដឹងថា លោកយាយវ័យ៩៧ឆ្នាំម្នាក់នោះ ត្រូវបានគេជួយសង្គ្រោះ ចេញពីគំនរបាក់បែក នៃគ្រោះទឹកជំនន់ដ៏កំណាច នៅក្នុងប្រទេសនេប៉ាល់។ បច្ចុប្បន្ន លោកយាយកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយស្ថានភាពសុខភាពរបស់គាត់ មានសភាពធូរស្រាលឡើងវិញហើយ។

លោក ឌីផាក បូហារ៉ា ( Dipak Bohara) ជាចៅប្រុសបង្កើតរបស់លោកយាយ ហ្គូណា ម៉ាយ៉ា បូហារ៉ា (Guna Maya Bohara) បានប្រាប់ BBC ផ្នែកភាសានេប៉ាល់ ថា លោកយាយ មើលទៅហាក់ដូចជា «អ្នកចម្បាំង» ម្នាក់ ដែលបានវិលត្រឡប់មកពីសមរភូមិវិញ ប្រកបដោយជោគជ័យ។

បើតាមអាជ្ញាធរនេប៉ាល់ បានឱ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះ និងនាំលោកយាយ Bohara ចេញពីគំនរបាក់បែក នៃមជ្ឈមណ្ឌលថែទាំមនុស្សចាស់ដែលគាត់ស្នាក់នៅនោះ បានចំណាយពេល៤ម៉ោង។ ដោយឡែក មនុស្សរាប់រយនាក់ ត្រូវបានបញ្ជាក់ ថា បានស្លាប់ បន្ទាប់ពីមានហេតុការណ៍មហាគ្រោះទឹកជំនន់ជន់លិចភ្លាមៗ កាលពីថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦។ ក្រុមអ្នកវិទ្យាសាស្ត្រ ជឿថា គ្រោះមហន្ដរាយនេះ បណ្តាលមកពីការបាក់រលំផ្ទាំងទឹកកក នៅតំបន់ភ្នំហិមាល័យ ឬហិមពាន្ដ (Himalayan) នៅជាប់នឹងតំបន់ទីបេត៍របស់ប្រទេសចិន៕



