មេទ័ពកម្ពុជា-ហ្វីលីពីន ជួបពិភាក្សា ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងតំបន់
អ
អុន សម្ផស្ស
•
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសមជាមួយ លោកនាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត (Antonio G. Nafarrete) នាយសេនាធិការកងទ័ពហ្វីលីពីន ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា..។

ក្នុងជំនួបនេះ កម្ពុជាបានសម្ដែងការអបអរសាទរ ចំពោះការតែងតាំងលោក អង់តូនីញ៉ូ ជីណាហ្វារ៉េត ជានាយសេនាធិការកងទ័ពហ្វីលីពីន ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាបន្តបន្ទាប់។ ភាគីទាំងពីរ បានបង្ហាញពីសារសំខាន់នៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច ការបណ្ដុះបណ្ដាលធនធានមនុស្ស ការបញ្ជូនយោធាចារ្យ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ កម្ពុជា និងហ្វីលីពីន បានបង្ហាញបំណងបន្តពង្រីកកិច្ចសហការលើវិស័យសន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងសន្តិសុខសាយប័រ ការងារមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ ដើម្បីរួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

គួរជ្រាបថា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោកមេទ័ពហ្វីលីពីន ក៏បានចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព និងជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅទីស្ដីការក្រសួងផងដែរ។ ជំនួបនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះហ្វីលីពីន ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការការពារជាតិ ព្រមទាំងគាំទ្រយន្តការអាស៊ាន ដើម្បីរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ក្រៅពីមានជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា តាមការគ្រោងទុក លោក អង់តូនីញ៉ូ ជីណាហ្វារ៉េត គ្រោងនឹងទៅសួរសុខទុក្ខកងកម្លាំង ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជាផងដែរ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត