ប្រឡាយមេអាងទឹកអូរខៃដន និងអាងទឹកពង្រ ដែលរងការខូចខាតដោយសារទឹកជំនន់ឆ្លងដែនពីថៃ នឹងត្រូវជួសជុលឡើងវិញឆាប់ៗ
S
Sreyleak Yith
•
មួយម៉ោងមុន

ក្រុងប៉ោយប៉ែត៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៩តុលា បានណែនាំដល់ក្រុមហ៊ុនសាងសង់កូរ៉េ ឱ្យចាប់ផ្តើមជួសជុលប្រឡាយមេអាងទឹកអូរខៃដន និងអាងទឹកពង្រ ដែលរងការខូចខាតដោយសារទឹកជំនន់ឆ្លងដែនពីប្រទេសថៃ និងជំនន់ទឹកភ្លៀង ក្នុងក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ...។

ក្រសួងធនធានទឹក គូសបញ្ជាក់ថា ទឹកជំនន់ឆ្លងដែនពីប្រទេសថៃ និងជំនន់ទឹកភ្លៀងក្នុងតំបន់ នាពេលកន្លងទៅបានហូរច្រោះ និងហូរឆ្លងកាត់លើប្រឡាយមេអាងទឹកអូរខៃដន និងអាងទឹកពង្រ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យមានការខូចខាតដោយអន្លើ នៅតាមទីតាំងមួយចំនួន។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ កំពុងស្ថិតក្នុងសុពលភាពនៃការសាងសង់នៅឡើយ។ ដូចនេះលោករដ្ឋមន្ត្រី បានប្រាប់ទៅក្រុមហ៊ុនសាងសង់កូរ៉េ ឱ្យចាប់ផ្តើមដំណើរការជួសជុល និងសាងសង់ឡើងវិញ នូវទីតាំងមួយចំនួននៃប្រឡាយទាំងពីរនេះ។

​គួរជ្រាបថា កាលពីកន្លងទៅ ក្រសួងធនធានទឹក បានព្យាករឃើញថា ប្រព័ន្ធសម្ពាធទាបដែលកើតមាននៅលើមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះសង្ឃរាឈ្មោះ«ណូឡ» (Noul) និងព្យុះឈ្មោះ«កូហ្គូម៉ា» (Koguma) បានសហការគ្នាជាមួយព្យុះឈ្មោះ «ស៊ូរីហ្គាអេ» (Surigae) បន្តជះឥទ្ធិពលមកលើរបបខ្យល់មូសុងនិរតី បោកបក់មកលើសមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គាល សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង និងមកលើអាងទន្លេមេគង្គ។ ស្ថានភាពនេះ ធ្វើឱ្យមានភ្លៀងយ៉ាងច្រើននៅប្រទេសកម្ពុជា ឡាវ ថៃ ភូមា និងវៀតណាម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត