
រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចផ្នែកឌីជីថលចាប់ខ្លួន ពាក់ព័ន្ធនឹងការប្រើប្រាស់គណនីបណ្តាញសង្គម និយាយពាក្យសម្តីអសុរោះ និងជេរប្រមាថធ្ងន់ធ្ងរ ទៅលើកងកម្លាំងប្រដាប់អាវុធ.....។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនស្រ្តីអាយុ២៥ឆ្នាំរូបនេះ បន្ទាប់ពីឆាតជាសំឡេងតាមបណ្តាញឆាតហ្វេសប៊ុក ក្នុងន័យជេរប្រមាថដល់កងទ័ព។ សមត្ថកិច្ច ចាត់ទុកការជេរប្រមាថនេះ ថាធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពយ៉ាងធ្ងន់ធ្ងរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សមត្ថកិច្ចផ្នែកឌីជីថល ណែនាំសាធារណជនទាំងអស់ ឱ្យប្រើប្រាស់បណ្តាញសង្គម ដោយការទទួលខុសត្រូវ ជៀសវាងការប្រើប្រាស់ពាក្យសម្តីជេរប្រមាថ អសុរោះ ឬការញុះញង់ ដែលប៉ះពាល់ដល់កិត្តិយសអ្នកដទៃ និងស្ថាប័នរដ្ឋ ព្រោះសកម្មភាពទាំងនោះ ត្រូវប្រឈមមុខនឹងច្បាប់៕



