
រាជធានីភ្នំពេញ៖ ស្របពេលកងកម្លាំងយោធាឈ្លានពានថៃ បន្តរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា តាមតំបន់ព្រំដែនមួយចំនួន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់គណៈប្រតិភូសន្និសីទប្រធានសភានៃអន្តរសភា អំពីការប្ដេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ..។

ការគូសបញ្ជាក់របស់មេដឹកនាំកម្ពុជា ធ្វើឡើងក្នុងជំនួបជាមួយគណៈប្រតិភូសន្និសីទប្រធានសភានៃអន្តរសភា ដឹកនាំដោយ លោក យូសាហ្វ រ៉ាហ្សា ហ្គីលឡានី (Yusaf Raza Gilani) ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិកសន្និសីទប្រធានសភានៃអន្តរសភា (ISC) កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ ក្នុងជំនួប លោក ហ្គីលឡានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ប្រកបដោយជោគជ័យ។ លោកបានសង្កត់ធ្ងន់ថាវេទិកា ISC បានត្រូវបង្កើតឡើងដោយឈរលើទស្សនាទាននៃសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ ការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ សំដៅចូលរួមចំណែកធានាសន្តិភាព សន្តិសុខក្នុងតំបន់ និងសកលលោក។ លោកប្រធានគណ:ប្រតិភូ ISC រូបនេះ បានគូសបញ្ជាក់ពីសារសំខាន់នៃការពង្រឹងទំនាក់ទំនងការទូត និងការផ្លាស់ប្ដូរទស្សនកិច្ចរវាងស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីគាំទ្រដល់ការកសាង និងការរក្សាសន្តិភាព ស្ថិរភាព។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទ ISC នៅកម្ពុជា។ សម្តេច បានលើកឡើងពីតួនាទីគន្លឹះរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលបំពេញបន្ថែមឱ្យស្ថាប័ននីតិប្រតិបត្តិក្នុងការកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សង្កត់ធ្ងន់ថា សន្តិភាពមានតម្លៃជាសារវន្តសម្រាប់ការអភិវឌ្ឍ។ ជាមួយគ្នា មេដឹកនាំកម្ពុជា ជម្រាបគណៈប្រតិភូសន្និសីទប្រធានសភានៃអន្តរសភា អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕







