នេប៉ាល់ ប្រឈមនឹងការគំរាមកំហែងពីទឹកជំនន់ម្ដងទៀត ចេញពីទន្លេ​ទើបនឹងកើតថ្មី
S
Sinuon Nop
2 ម៉ោងមុន

រដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu)៖ ស្របពេលទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្ដរាយរបស់ប្រទេសនេប៉ាល់ បានអះអាង អំពីចំនួនមនុស្សបាត់ខ្លួន ក្រោយពេលប្រទេសនេះ បានរងគ្រោះដោយសារ​ទឹកជំនន់ជន់លិចភ្លាមៗយ៉ាងសាហាវនោះ ចំនួនអ្នកបាត់ខ្លួន បានកើតឡើង ជាង២ ៤០០នាក់ ​​និង​មានសេចក្ដីរាយការណ៍ អំពីការគំរាមកំហែង អំពីគ្រោះទឹកជំនន់ម្ដងទៀត កើតចេញពីទន្លេទើបនឹងកកើតថ្មី​ នៅប្រទេសចិន។

បណ្ដាញទូរទស្សន៍កាតារ Aljazeera បានផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ថា ​​​ពីរថ្ងៃ បន្ទាប់ពីការបាក់រលំ​ផ្ទាំងទឹកកក បានបង្កឱ្យកើតជាទឹកជំនន់ដ៏មហន្តរាយហូរយ៉ាងគំហុក ឆ្លងកាត់តំបន់មួយចំនួនរបស់​​ប្រទេសនេប៉ាល់ និងតំបន់ទីបេត៍ ហើយទឹកទន្លេដែលទើបនឹងកើតឡើងថ្មីមួយ បានហូរហៀរពីលើច្រាំង។ ហានិភ័យ នៃទឹកជំនន់ជាថ្មី កំពុងតែបង្កការគំរាមកំហែងបន្ថែមទៀត។

ក្រុមមន្រ្ដីស្រុករ៉ាស៊ូវ៉ា (Rasuwa) នៃប្រទេសនេប៉ាល់ បានបញ្ជាក់ កាលពីថ្ងៃសុក្រ ថា អាជ្ញាធរបានទទួល​ដំណឹង​​ថា បឹងដែលកើតចេញពីការស្ទះផ្លូវទឹក (Barrier Lake) បានចាប់ផ្តើមហៀរទឹកចេញហើយ។ លោក ណារ៉ែនដ្រា ផារីយ៉ា (Narendra Pariyar) មន្រ្ដីស្រុករ៉ាស៊ូវ៉ា បានបញ្ជាក់ថា៖ «យើងអាចមើលឃើញថា កម្រិតទឹកនៅក្នុងទន្លេ កំពុងតែកើនឡើងខ្ពស់។ បច្ចុប្បន្ន​គេនៅមិនទាន់ដឹងច្បាស់ថា កម្រិតទឹកនឹងឡើងខ្ពស់ដល់កម្រិតណានោះឡើយ។​​ យើងគ្រាន់តែអាចមើលឃើញថា កម្រិតទឹកនៅក្នុងទន្លេ កំពុងតែ​ឡើងប៉ុណ្ណោះ»។

ក្រុមអ្នកវិទ្យាសាស្ត្រ បានលើកឡើងថា គ្រោះមហន្តរាយនេះ បានបង្កើតឱ្យមានបឹងយក្សថ្មី ចំនួនពីរ មិនមែនត្រឹមតែមួយនោះទេ។ បឹងយក្សមួយបានកកើតឡើង នៅតំបន់ខ្ពស់ក្បែរផ្ទាំងទឹកកក ដែលជាកន្លែងទឹករលាយចេញពីផ្ទាំងទឹកកក កំពុងតែស្ដុកទុក​នៅទីនោះ។​​​ បឹងយក្ស​មួយទៀត បានកកើតឡើង ដោយសារការប្រមូលផ្តុំ​កម្ទេចកម្ទី នៅតំបន់ទឹកជំនន់ ត្រង់ចំណុចព្រំដែន រវាងប្រទេសនេប៉ាល់ និងចិន ​ខណៈ​កម្រិតទឹកបន្តកើនឡើង ហើយវាបានបង្កើនហានិភ័យ នៃគ្រោះទឹកជំនន់ម្ដងទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត