
រាជធានីអូស្លូ៖ ព្រះបរមរាជវាំងន័រវែស បានប្រកាសនៅថ្ងៃសុក្រទី២៨ ខែសីហា ឆ្នាំ២០២៦ នេះថា ព្រះចៅ ហារ៉ាល់ ទី៥ (King Harald V) ព្រះមហាក្សត្រនៃប្រទេសន័រវែស បានសោយព្រះទិវង្គតក្នុងព្រះជន្ម៨៩ព្រះវស្សា បន្ទាប់ពីព្រះអង្គគ្រងរាជសម្បត្តិអស់រយៈពេលជាង៣៥ឆ្នាំមកនោះ...។

ព្រះចៅហារ៉ាល់ បានផ្អាកព្រះរាជកិច្ច ដើម្បីព្យាបាលព្រះរោគអស់ជាច្រើនសប្តាហ៍មកហើយ និងត្រូវបានក្រុមរាជពេទ្យបញ្ជូនព្រះអង្គទៅកាន់ព្រះរាជដំណាក់នៃមន្ទីរពេទ្យជាតិ ក្នុងរដ្ឋធានីអូស្លូ (Oslo National Hospital) កាលពីសប្តាហ៍មុន ដោយស្ថានភាពព្រះរាជសុខភាពរបស់ព្រះអង្គ ចាប់ផ្ដើមចុះខ្សោយយ៉ាងខ្លាំង។ សម្តេចព្រះរាជអគ្គមហេសី សូនយ៉ា (Queen Sonja) និងព្រះរាជទាយាទ ហាកន (Crown Prince Haakon) ក៏បានបានលុបចោលព្រះរាជកិច្ចទាំងអស់ ដើម្បីយាងមកថែព្រះកាយព្រះចៅ ហារ៉ាល់ នៅព្រះរាជដំណាក់នៃមន្ទីរពេទ្យជាតិ មុនពេលព្រះអង្គសោយព្រះទិវង្គត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

មន្ត្រីព្រះបរមរាជវាំង ថ្លែងកាលពីយប់ថ្ងៃអាទិត្យថា ព្រះមហាក្សត្រ ទទួលការកាត់បន្ថយការឆ្លងរោគ ដោយថ្នាំផ្សះ ចំពោះការឆ្លងមេរោគក្នុងព្រះនហារុ (សរសៃឈាម blood infection)។ ឆ្លើយតបនឹងការព្យាបាលបានល្អ ស្ថានភាពព្រះរាជសុខភាពព្រះអង្គមានស្ថិរភាពជាបណ្តោះអាសន្ន ប៉ុន្តែទោះជាយ៉ាងណា ថ្នាំផ្សះនេះមិនអាចជួយសម្លាប់មេរោកក្នុងព្រះនហារុរបស់ព្រះអង្គបានឡើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះអង្គទ្រង់ប្រឈមនឹងបញ្ហាព្រះរាជសុខភាពជាច្រើន និងនៅទីបំផុត ព្រះរាជពេទ្យតម្រូវឱ្យព្រះអង្គបំពាក់ឧបករណ៍ជំនួយព្រះហទយស្ពន្ទន៍(ចង្វាក់បេះដូង)ជាអចិន្ត្រៃយ៍។ ទោះបីជាព្រះអង្គបដិសេធមិនដាក់រាជ្យក៏ដោយ ក៏ព្រះចៅ ហារ៉ាល់ ត្រូវបង្ខំព្រះទ័យកាត់បន្ថយព្រះរាជកិច្ចកាលពីខែឧសភា ឆ្នាំ២០២៤។

ព្រះចៅ ហារ៉ាល់ ទី៥ ត្រូវបានប្រជានុរាស្ដ្រន័រវែស ប្រសិទ្ធនាមព្រះអង្គថា ជា ព្រះមហាក្សត្រនៃប្រជារាស្ត្រ។ គួរជម្រាបថា រជ្ជកាលជាង៣៥ឆ្នាំរបស់ព្រះអង្គ មិនត្រឹមតែស្តែងចេញតាមរយៈការដឹកនាំប្រទេសឱ្យមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គតែងតែបន្ទាបព្រះកាយយ៉ាងជិតស្និទ្ធជាមួយប្រជានុរាស្ដ្ររបស់ទ្រង់ តាមរយៈការបើកទូលាយនូវព្រះរាជហឫទ័យ ទទួលយកភាពចម្រុះក្នុងសង្គម ព្រមទាំងព្រះសណ្តាប់កង្វល់របស់ប្រជារាស្ត្រគ្រប់ជាន់ថ្នាក់។ ព្រះរាជកាយវិការដ៏សាមញ្ញ និងព្រះរាជឱង្ការដ៏កក់ក្ដៅរបស់ព្រះអង្គ នឹងស្ថិតនៅក្នុងបេះដូងរបស់ប្រជារាស្ត្រន័រវែស និងជាគំរូដ៏ប្រពៃនៃព្រះមហាក្សត្រ សម័យទំនើប នាពេលបច្ចុប្បន្ន៕






