
រាជធានីបាងកក៖ បន្ទាប់ពីប្រជាជនកម្ពុជា ប្តេជ្ញាពហិកាមិនប្រើផលិតផលថៃ និងរបងព្រំដែនគោកប្រទេសទាំងពីរបន្តបិទ ពេលនេះ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល (อนุทิน ชาญวีรกูล) បានរត់ទៅពឹងឥណ្ឌូណេស៊ីឱ្យជួយបើកច្រកពាណិជ្ជកម្មថ្មីជាមួយខ្លួន ខណៈសេដ្ឋកិច្ចថៃកំពុងដាំក្បាលចុះជាគំហុគ...។

លោក អនុទីន ឆានវីរគុល បានជួបពិភាក្សាការងារជាមួយលោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) នៅវិមានប្រធានាធិបតី អ៊ីស្តាណា មើដេកា (Istana Merdeka) ក្នុងរដ្ឋធានីហ្សាការតា កាលពីល្ងាចថ្ងៃចន្ទទី៣ ខែសីហា។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីថៃ ទៅកាន់ប្រទេសឥណ្ឌូណេស៊ីក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ ដើម្បីស្នើឱ្យមានការបើកច្រកពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌូណេស៊ី ក្រោយទំនិញរបស់ខ្លួនជាប់គាំង រាំងស្ទះដោយសារការប្រកាសបិទទ្វារច្រកព្រំដែនជាមួយកម្ពុជា[ជា]ឯកតោភាគី តាមទំនើងចិត្ត ដោយគ្មានសួរយោបល់កម្ពុជាសូម្បីមួយម៉ាត់។ ជាងនេះផងដែរ ព្រំដែនគោកជាមួយប្រទេសភូមា ក៏ថៃទាញទ្វារបិទជាឯកតោភាគីដែរ ដោយយកលេសការពារសុវត្ថិភាពជនជាតិថៃ ព្រោះភូមាផ្ទុះសង្គ្រាមនៅព្រំដែន ដែលធ្វើឱ្យទំនិញថៃជាង៧០ភាគរយត្រូវជាប់គាំងនៅក្នុងប្រទេស។

ថ្លែងនៅក្នុងជំនួបជាមួយលោកប្រធានាធិបតី លោក អនុទីន បញ្ជាក់ថា ប្រទេសថៃត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជាដៃគូសេដ្ឋកិច្ចដ៏ទុកចិត្តរបស់ឥណ្ឌូណេស៊ី តាមរយៈការបង្កើនពាណិជ្ជកម្មកសិកម្ម ការលើកកម្ពស់ការវិនិយោគទ្វេភាគី និងការពង្រឹងច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។ លើសពីនេះ លោកក៏បានអំពាវនាវដល់ធុរជនឥណ្ឌូណេស៊ីឱ្យទៅវិនិយោគនៅប្រទេសថៃផងដែរ ក្រោយមានឱនភាពពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា បន្ទាប់ពីថៃបើកការឈ្លានពានកាលពីពេលកន្លងទៅ។ ជាមួយគ្នា ថៃ និងឥណ្ឌូណេស៊ី បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសឆ្លងដែន ជាពិសេស ការបោកប្រាស់តាមអនឡាញ ការជួញដូរមនុស្ស និងការរត់ពន្ធគ្រឿងញៀន តាមរយៈការចែករំលែកព័ត៌មានសម្ងាត់ និងការសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធរវាងស្ថាប័នអនុវត្តច្បាប់។ ទន្ទឹមនឹងប្រទេសថៃ គឺជាសម្បុកមេខ្លោងឧក្រិដ្ឋជនធំៗ និងជាស្ពានចម្លងដ៏មមាញឹករបស់ក្រុមឧក្រិដ្ឋកម្មអនឡាញស្គេមទូទាំងពិភពលោក។

លើសពីនេះ មេដឹកនាំទាំង២ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរទេសចរណ៍ថៃ និងក្រុមហ៊ុនត្រេនស៍នូសា (TransNusa) លើសេវាហោះហើរត្រង់ បាងកក-ហ្សាការតា និងភូកេត-បាលី ដើម្បីសម្រួលដល់ការធ្វើដំណើរ និងជំរុញវិស័យទេសចរណ៍ បន្ទាប់ពីវិស័យទេសចរណ៍ថៃ កំពុងដាំក្បាលចុះយ៉ាងគំហុក នាពេលបច្ចុប្បន្ន។ លោក ប្រាបូវ៉ូ បានគូសបញ្ជាក់ថា ឥណ្ឌូណេស៊ី ត្រៀមខ្លួនរួចហើយក្នុងការធ្វើការជាមួយសមាជិកអាស៊ាន លើវិបត្តិនៅភូមា ឬមីយ៉ាន់ម៉ា។ ចុងក្រោយ ប្រធានាធិបតីឥណ្ឌូណេស៊ី បានឆ្លៀតរំឭក លោក អនុទីន ផងដែរថា ភាពតានតឹងរវាងថៃ និងកម្ពុជា គួរត្រូវដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា...៕




