
រដ្ឋធានីហ្សាកាតា៖ មនុស្ស២៣១នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពមនុស្ស ប៉ុន្តែមានមនុស្ស៥នាក់ បានបាត់បង់ជីវិត និងនៅសល់៤១នាក់បន្តបាត់ខ្លួន ក្នុងហេតុការណ៍អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅលើនាវាដឹកអ្នកដំណើរមួយគ្រឿង នៅក្នុងដែនទឹកប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។

អាជ្ញាធរស៊ើបអង្កេត និងសង្គ្រោះបន្ទាន់របស់ឥណ្ឌូណេស៊ី បានឱ្យដឹងថា នាវាមួយគ្រឿងនេះ ដឹកមនុស្សសរុប២៧១នាក់ (អ្នកដំណើរ២៣២នាក់ និងក្រុមនាវិក៣៩នាក់)។ នៅពេលធ្វើដំណើរដល់ចំណុចកើតហេតុ ចម្ងាយប្រមាណ៣៥គីឡូម៉ែត្រពីឆ្នេរ ស្រាប់តែអណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅលេបត្របាក់នាវាស្ទើរតែទាំងស្រុង បង្កឱ្យមានការភ័យស្លន់ស្លោជាខ្លាំង ខណៈក្រុមអ្នកដំណើរបានរត់ប្រមូលផ្តុំគ្នានៅផ្នែកខាងមុខក្បាលនាវាដើម្បីរង់ចាំជំនួយ។

ប្រតិបត្តិការរំដោះជីវិតជនរងគ្រោះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីកប៉ាល់ស៊ីវិល និងនាវាល្បាតយោធាជាច្រើនគ្រឿងដែលស្ថិតនៅក្បែរកន្លែងកើតហេតុ។ ជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះ ត្រូវបានបញ្ជូនមកកាន់កំពង់ផែជាបន្តបន្ទាប់ ដើម្បីទទួលការពិនិត្យសុខភាព និងផ្តល់ការព្យាបាលជាប្រញាប់ ខណៈសពជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើកោសល្យវិច័យ។

មន្រ្តីជំនាញ អះអាងថា ប្រតិបត្តិការស៊ើបអង្កេត និងការប្រមូលទិន្នន័យអត្តសញ្ញាណជនរងគ្រោះ កំពុងបន្តធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីជួយសម្រួលដល់គ្រួសារនៃជនរងគ្រោះដែលកំពុងរង់ចាំព័ត៌មាន ខណៈមូលហេតុពិតប្រាកដនៃការឆាបឆេះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងល្អិតល្អន់នៅឡើយ៕




