ពលរដ្ឋឃុំដងកាំបិទលែងលំបាកហើយ «ស្ពានអូរចន្ទ្រាយ»ស្ថាបនារួចរាល់ ត្រៀមដាក់ឱ្យធ្វើដំណើរឆ្លងកាត់​នៅ​ចុង​ខែ​កញ្ញា​
S
Soriya Sou
20 ម៉ោងមុន

ក្រុងស្ទឹងសែន៖ ស្ពានអូរចន្ទ្រាយ លែងជាក្ដីកង្វល់សម្រាប់ការឆ្លងកាត់របស់ប្រជាជននៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទៀតហើយ។ ស្ពាននេះត្រៀមដាក់ឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក្នុងពេលឆាប់ៗខាងមុខ…។

លោក លុន យ៉េន ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត បានបញ្ជាក់នៅថ្ងៃទី២៨សីហានេះថា កន្លង​មក ​តំបន់អូរចន្ទ្រាយ ប្រជាពលរដ្ឋ​មានការលំបាកក្នុងការធ្វើដំណើរ​យ៉ាងខ្លាំង។ រាប់សិបឆ្នាំមកនេះ ពោលគឺឱ្យតែដល់រដូវវស្សា ប្រជាពលរដ្ឋត្រូវធ្វើដំណើរឆ្លងកាត់​អូរចន្ទ្រាយ តាមរយៈទូកតូចៗ និងស្ពានឫស្សី ដែលពួកគាត់រួមគ្នាធ្វើឡើងសម្រាប់ចម្លងបានត្រឹមតែទោចក្រយានយន្ត និងការធ្វើដំណើរដោយថ្មើរជើងប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះ ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ឃុំដងកាំបិទ មានផ្លូវ និងស្ពានសម្រាប់ធ្វើដំណើរដោយមានភាពងាយស្រួល។ លោក មើក វណ្ណា ប្រធានការដ្ឋានវិស្វកម្មរបស់អង្គភាព១៧៨ បានឱ្យដឹងថា ស្ពានអូរចន្ទ្រាយ បាន​ស្ថាបនា​រួច​រាល់​ហើយ​ នឹងត្រៀមដាក់ឱ្យប្រជាពលរដ្ឋដំណើរការឆ្លងកាត់​ នៅ​ចុង​ខែ​កញ្ញា​ខាងមុខ ដើម្បីបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារបានឆាប់រហ័ស។ ពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់​និង​ដឹក​ជញ្ជូន​លើស្ពាននេះ ដោយរថយន្តអាចផ្ទុកទម្ងន់ដល់២៥តោន។

ស្ពានអូរចន្ទ្រាយ ជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈលោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្តកំពង់ធំ។ មិនមែនតែស្ពានទេ ប៉ុន្តែផ្លូវ និងលូ នៅតំបន់អូរចន្ទ្រាយ ក៏ត្រូវបានស្ថាបនាថ្មីផងដែរ។ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំដងកាំបិត បានបញ្ជាក់ក្នុងឱកាសចុះពីនិត្យវឌ្ឍនភាពលើការងារនេះ ថា ប្រជាពលរដ្ឋនៅឃុំដងកាំបិត ខេត្តកំពង់ធំ និងមួយផ្នែកនៅស្រុករវៀង ខេត្តព្រះវិហារ ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់នេះ ទៅកាន់ទីរួមស្រុកសណ្ដាន់ និងទៅកាន់ខេត្តកំពង់ធំ បានបង្ហាញក្ដីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចនាយករដ្ឋមន្រ្តី ដែលបានជួយស្ថាបនាផ្លូវ និងស្ពាន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់បន្ថែមថា កន្លងមកឃុំដងកាំបិត ស្រុកសណ្ដាន់ ជាឃុំនៅចុងកាត់មាត់ញក ជាប់ព្រំប្រទល់ជាមួយឃុំរុងរឿង និងឃុំរៀបរយ ស្រុករវាង ខេត្តព្រះវិហារ។ បច្ចុប្បន្ន ឃុំដងកាំបិតបានប្រែប្រួលមុខមាត់ថ្មី ដោយមានទំនប់ស្ទាក់ទឹកតម្លៃរាប់លានដុល្លារ បម្រើឱ្យវិស័យកសិកម្មសម្រាប់ប្រជាជននៅក្នុងខេត្តកំពង់ធំ ហើយនៅពេលខាងមុខ នឹងក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត