
រាជធានីភ្នំពេញ៖ ប្រធានសភា និងតំណាងសភាប្រមាណជាង២០ប្រទេស មកពីតំបន់ផ្សេងៗ ជុំវិញពិភពលោក ដែលបានអញ្ជើញមកចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) នៅរាជធានីភ្នំពេញ បានប្រកាសគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី ការចរចា និងសម្រុះសម្រួល ស្របតាមច្បាប់អន្តរជាតិរបស់ភាគីកម្ពុជា។ ការគាំទ្រនេះ កើតឡើងស្របពេលព្រំដែនកម្ពុជា នៅបន្តរងការបំពានពីសំណាក់យោធាថៃ…។

តាមរយៈសេចក្ដីប្រកាសរាជធានីភ្នំពេញ ចេញនៅរសៀលថ្ងៃទី២៨សីហានេះ ប្រធានសភា និងតំណាងសភាមកពីតំបន់ផ្សេងៗជុំវិញពិភពលោក ពិចារណាឃើញថា សហគមន៍អន្តរជាតិ នៅតែបន្តប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើន រួមមាន៖ ជម្លោះ, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច, ការរំខានដល់រំហូរពាណិជ្ជកម្ម, ការប្រែប្រួលអាកាសធាតុ, អសន្តិសុខស្បៀង និងថាមពល, ការរំខានផ្នែកបច្ចេកវិទ្យា និងការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា, វិបត្តិមនុស្សធម៌ និងវិសមភាព ដែលកំពុងតែរីកធំឡើង។

សភាទាំងអស់ មានក្ដីប្រាថ្នារួម ចង់ឃើញពិភពលោកមានសណ្តាប់ធ្នាប់ប្រកបដោយសន្តិភាព យុត្តិធម៌ និងបានប្រកាសគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ការពិគ្រោះយោបល់ ការចរចាការសម្រុះសម្រួល និងមធ្យោបាយសន្តិវិធីផ្សេងទៀត ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ។ អន្តរសភាបន្តថា ការពង្រឹងការទូតសភា ជាឧបករណ៍ដ៏សំខាន់សម្រាប់ការកសាងទំនុកចិត្ត ការបង្ការជម្លោះ កិច្ចសន្ទនា ការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ «យើងប្តេជ្ញាបន្តធ្វើការរួមគ្នា ដើម្បីគោរព និងលើកកម្ពស់ការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ពង្រឹងការទូតសភា និងចូលរួមចំណែកកសាងពិភពលោកមួយ ប្រកបដោយសន្តិភាព បរិយាបន្ន យុត្តិធម៌ និងវិបុលភាព កាន់តែប្រសើរ»។

ការគាំទ្រ និងប្ដេជ្ញាចិត្តរបស់ប្រធាន និងតំណាងសភាមកពីតំបន់ផ្សេងៗ ជុំវិញពិភពលោក ក្នុងសន្និសីទ ISC-2 គឺស្ថិតក្នុងកាលៈទេសៈដែលយោធាថៃនៅបន្តធ្វើសកម្មភាពរំលោភបំពានទឹកដីកម្ពុជា តាមព្រំដែន ដូចជា៖ ស្រាស់បន្លាលួស រាយទូកុងតឺនឺ ជីកលេណដ្ឋាន ធ្វើផ្លូវ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា។ លើសពីនេះ ប្រជាជនខ្មែរប្រមាណជាង២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅភូមិឋានវិញនោះទេ ដោយសារយោធាថៃដណ្តើមយក និងបន្តឈរជើងកាន់កាប់ទាំងខុសច្បាប់។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយប្រាប់ថ្នាក់ដឹកនាំសភាអន្តរជាតិ ថា កងទ័ពថៃបន្តកាន់កាប់ទឹកដីកម្ពុជា ហួសពីខ្សែបន្ទាត់ដែលថៃអះអាងដោយឯកតោភាគី៕






