
រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនពីរាជធានីភ្នំពេញ រហូតដល់ខេត្តកំពត ពាក់ព័ន្ធអំពើឃាតកម្មលើស្ត្រីមេម៉ាយម្នាក់ ផ្ដើមចេញពីភ្លើងតណ្ហាស្នេហានៅបន្ទប់ជួល ក្នុងភូមិសាស្ត្រ ខណ្ឌកំបូល រាជធានីភ្នំពេញ...។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងស៊ីជម្រៅនេះ ធ្វើឡើងក្រោយទទួលបានព័ត៌មានអំពីករណីឃាតកម្មដ៏រន្ធត់មួយលើស្ត្រីមេម៉ាយម្នាក់ ដែលកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ប្រមូលភស្តុតាង និងកំណត់មុខសញ្ញាជនសង្ស័យយ៉ាងឆាប់រហ័ស រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់ឈ្មោះ បាន សម្បត្តិ អាយុ៣៤ឆ្នាំ បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីសួរចម្លើយរកព័ត៌មានពិតនៃការធ្វើសកម្មភាពសម្លាប់ស្ត្រីមេម៉ាយរូបនោះបន្ថែម។

យ៉ាងណា តាមការសន្និដ្ឋានបឋម មូលហេតុដែលនាំឱ្យមានអំពើឃាតកម្មកើតឡើង ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ផ្ដើមចេញពីទំនាក់ទំនងស្នេហា និងភាពប្រចណ្ឌផ្ទាល់ខ្លួន ដែលឈានដល់ការផ្ដាច់ជីវិតជនរងគ្រោះស្ត្រីម៉េម៉ាយ ដែលបានលែងលះប្ដីរយៈពេល១០ឆ្នាំមកហើយ។ ក្រោយពីលែងលះរួច ស្ត្រីមេម៉ាយ ក៏មានទំនាក់ទំនងសេ្នហាជាមួយជនសង្ស័យ បានរយៈពេលប្រហែល១ឆ្នាំ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលា ដើម្បីចាត់ការបន្តតាមច្បាប់ ខណៈចម្លើយសារភាពរបស់ជនសង្ស័យ មិនទាន់ត្រូវបានទម្លាយចេញជាសាធារណៈនៅឡើយ៕





