ន័រវេស្សបានរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា
S
Sreyleak Yith
25 មីនា 2025 04:30 PM

រាជធានីភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ​ លី ធុជ អនុប្រធានទី១អាជ្ញាធរមីន​ បានលើកទ្បើងថា​​ ​ ប្រទេសន័រវេស្ស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមីននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២មកម្ល៉េះ​ ក្នុងនោះរួមមាន៖​​ ការបោសសម្អាតមីន ការផ្ដល់ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្សេងៗទៀត…។

លោកទេសរដ្ឋមន្ត្រី​ លី ធុជ អនុប្រធានទី១អាជ្ញាធរមីន
លោកទេសរដ្ឋមន្ត្រី​ លី ធុជ អនុប្រធានទី១អាជ្ញាធរមីន

នាឱកាស​ អញ្ជើញជាអធិបតីក្នុងពិធីចុះ​ អនុស្សរណៈ​នៃការយោគយល់គ្នា​ ស្តីពីការបង្កើនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន រវាងអាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំនៅកម្ពុជា នាថ្ងៃទី២៥មីនា ឆ្នាំ២០២៥។ លោក​ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តភាពជាដៃគូរឹងមាំយូរអង្វែងរវាងស្ថាប័នទាំងពីរ ក៏ដូចជារវាងប្រទេសកម្ពុជាជាមួយនិងប្រទេសន័រវេស្ស។ តាមរយៈអនុស្សរណៈនេះផងដែរ អង្គការជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា នឹងគាំទ្រដល់អាជ្ញាធរមីនក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសំខាន់ៗរួមមាន​៖​​ ការគ្រប់គ្រងគុណភាព ការគ្រប់គ្រងប្រព័ន្ធព័ត៌មាន ការបញ្ជ្រាបយេនឌ័រ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។​ 

ទាំងនេះនឹងចូលរួមធានាឱ្យបាននូវនិរន្តរភាពនៃសកម្មភាពមីន ដើម្បីសម្រេចបានចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា។ លោក​ទេសរដ្ឋមន្ត្រី គូសបញ្ជាក់បន្ថែមថា ក្រោមកិច្ចសហការរវាងអាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា ផ្ទៃដីមីនចំនួនប្រមាណ២៥លានម៉ែតក្រឡា ត្រូវបានបោសសម្អាត និងបានប្រែក្លាយទៅជាដីសម្រាប់លំនៅឋាន សាលារៀន កសិកម្ម និងសម្រាប់ការអភិវឌ្ឍនានា ដែលបានចូលរួមយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកាត់បន្ថយភាពក្រីក្រ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត