
រដ្ឋធានីញូវដេលី៖ មនុស្សយ៉ាងហោចណាស់៧នាក់បានបាត់បង់ជីវិត បន្ទាប់ពីរូងភ្នំ ដែលកំពុងសាងសង់វារីអគ្គិសនីមួយក្នុងរដ្ឋអ៊ុតតារាខាន់ (Uttarakhand) ភាគខាងជើងប្រទេសឥណ្ឌា បានបាក់រលំភ្លាមៗ កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦...។

លោក ហ្គូរ៉ាវ គូម៉ា (Gaurav Kumar) មន្ត្រីជាន់ខ្ពស់ប្រចាំស្រុកឆាម៉ូលី (Chamoli) បានអះអាងថា ប្រតិបត្តិការសង្គ្រោះត្រូវបានចាប់ផ្តើមបន្ទាន់ បន្ទាប់ពីមានរំហូរទឹក និងកម្ទេចកម្ទីថ្មបាក់បែកចូលទៅក្នុងរូងភ្នំ ដែលស្ថិតក្នុងគម្រោងវារីអគ្គិសនីវិស្ណុកាដ ពីប៉ាល់កូទី (Vishnugad-Pipalkoti)។ ចំណែកអភិបាលរដ្ឋអ៊ុតតារាខាន់ លោក ពុស្ការ ស៊ីង ដាមី (Pushkar Singh Dhami) បានប្រាប់អ្នកសារព័ត៌មានថា ក្នុងចំណោមកម្មករចំនួន២២នាក់ដែលកំពុងធ្វើការនៅក្នុងរូងភ្នំពេលកើតហេតុ មាន១២នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ខណៈ៧នាក់បានបាត់បង់ជីវិត ហើយ៣នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។

មេបញ្ជាការក្រុមសង្គ្រោះនៃកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិបានថ្លែងថា៖«ក្រុមរបស់យើងទៅដល់ទីតាំងកើតហេតុ និងចាប់ផ្តើមប្រតិបត្តិការ ប៉ុន្តែមានទឹកយ៉ាងច្រើននៅខាងក្នុងរូងភ្នំ ហើយទឹកក៏កំពុងជ្រាបចូលតាមជញ្ជាំងចំហៀងផងដែរ។ ចាប់តាំងពីពេលនោះមក កម្រិតទឹកបានកើនឡើងយ៉ាងខ្លាំង»។ ជាកត់សម្គាល់ គ្រោះថ្នាក់ក្នុងដ្ឋានសាងសង់ តែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌា ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងរហ័ស។ ជារឿយៗ ឥណ្ឌាតែងតែជួបប្រទះនឹងស្ថានភាពភូមិសាស្ត្រទន់ខ្សោយ កំហុសឆ្គងបច្ចេកទេសសាងសង់ អាកាសធាតុអាក្រក់ និងកង្វះស្ដង់ដារសុវត្ថិភាព។ កាលពីខែកុម្ភៈ កន្លងទៅ ការផ្ទុះក្នុងអណ្តូងរ៉ែធ្យូងថ្មនៅរដ្ឋមេហ្កាយ៉ាឡា (Meghalaya) បានសម្លាប់កម្មករយ៉ាងហោចណាស់១៨នាក់ ហើយកាលពីឆ្នាំ២០២៣ មានករណីបាក់រូងភ្នំនៅភាគខាងជើងរដ្ឋអ៊ុតារាខាន់នេះដែរ ធ្វើឱ្យកម្មករ៤១នាក់ ជាប់ក្នុងនោះអស់រយៈពេល១៧ថ្ងៃ ទម្រាំត្រូវបានជួយសង្គ្រោះដោយជោគជ័យ៕




