
រដ្ឋធានីញូវដេលី៖ កងទ័ពជើងគោកឥណ្ឌា បានចេញដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមសមយុទ្ធយោធារួមគ្នារវាងឥណ្ឌា-ថៃ «មេត្រី ២០២៦ (MAITREE 2026)» លើកទី១៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅជំរំភាវឌី រ៉ាងសិត(ภาวดีรังสิต) ខេត្តសុរាស្ត្រធានី (สุราษฎร์ธานี ) នៃប្រទេសថៃ នេះបើតាមការបង្ហោះនៅលើគណនីផ្លូវការរេបស់កងទ័ពឥណ្ឌា នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ ការធ្វើដំណើររបស់យោធាឥណ្ឌាទៅធ្វើសមយុទ្ធនៅឯងប្រទេសថៃ កើតក្រោយរាជធានីបាងកក មានបំណងចង់ទិញមីស៊ីលល្បឿនលឿនជាងសំឡេង Brahmos ពីរដ្ឋធានីញ៉ូវដេលី។

សមយុទ្ធមេត្រី ២០២៦ នេះ នឹងផ្តោតលើការហ្វឹកហ្វឺនសំខាន់លើប្រតិបត្តិការនៅក្នុងតំបន់ព្រៃក្រាស់ និងតំបន់ទីប្រជុំជន។ បើតាមការបញ្ជាក់របស់ភាគីឥណ្ឌា សមយុទ្ធមេត្រី មានគោលបំណងពង្រឹងសមត្ថភាពរួមរបស់កងទ័ពប្រទេសទាំងពីរ២ ក្នុងការធ្វើប្រតិបត្តិការប្រឆាំងការបះបោរ និងប្រឆាំងភេរវកម្ម ក្រោមក្របខណ្ឌជំពូកទី៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្រៅពីការហ្វឹកហ្វឺនយុទ្ធសាស្ត្រ សមយុទ្ធនេះ ក៏នឹងផ្តល់ឱកាសឱ្យកងទ័ពឥណ្ឌា និងថៃ ផ្លាស់ប្ដូរបទពិសោធប្រតិបត្តិការ និងបង្ហាញអំពីឧបករណ៍សឹក ព្រមទាំងបច្ចេកវិទ្យាយោធាទំនើបរបស់ភាគីទាំង២ផងដែរ។

ប្រភពពីកងទ័ពឥណ្ឌាបញ្ជាក់ទៀតថា សមយុទ្ធនេះ មានគោលដៅបង្កើនភាពអាចធ្វើប្រតិបត្តិការរួមគ្នា ការឈ្វេងយ់ពីគ្នាទៅវិញទៅមក និងចំណងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំង២។ សូមជម្រាបថា សមយុទ្ធមេត្រី ត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០០៦ ហើយបានក្លាយជាវេទិកាយោធាសំខាន់មួយ សម្រាប់ពង្រឹងទំនាក់ទំនងការពារជាតិ រវាងឥណ្ឌា-ថៃ។ សម្រាប់ឆ្នាំ២០២៦ សមយុទ្ធលើកទី១៥នេះ នឹងផ្តល់ឱកាសឱ្យកងទ័ពនៃប្រទេសទាំង២ បង្កើនការសម្របសម្រួល និងការយល់ដឹងពីគ្នាទៅវិញទៅមក តាមរយៈការហ្វឹកហ្វឺនរួម នៅក្នុងបរិយាកាសព្រៃក្រាស់ និងតំបន់ទីប្រជុំជន។

គួរបញ្ជាក់ថា សាមយុទ្ធនេះ ធ្វើឡើង ក្រោយថៃពិចារណាលើការបញ្ជាទិញមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទ BrahMos ស្ងាត់ៗពីឥណ្ឌា។ ប្រទេសថៃ ចង់ប្រើប្រព័ន្ធមីស៊ីលដ៏ទំនើប និងកាចសាហាវមួយប្រភេទនេះ ក្នុងបំណងបំប៉ោងមហិច្ឆតាពង្រីកឥទ្ធិពលខ្លួនឱ្យក្លាយជាបងធំផ្នែកសព្វាវុធដ៏មានសក្តានុពលមួយ ក្នុងតំបន់ បន្ទាប់ពីឃើញប្រទេសវៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី បញ្ជាទិញមីស៊ីលនេះ ហើយក៏ជាការដាក់សម្ពាធដល់បណ្តាប្រទេសជាប់ព្រំដែន ជាពិសេស គឺ«កម្ពុជា»ផងដែរ៕





