ថៃបន្តរំលោភបំពានកម្ពុជា បញ្ជូនគ្រឿងចក្រធុនធ្ងន់ជីកប្រឡាយនៅតំបន់ចូកគ្រួស ខេត្តឧត្ដរមានជ័យ
S
Soriya Sou
មួយម៉ោងមុន


ក្រុងសំរោង៖ រាជរដ្ឋាភិបាលកម្ពុជា បន្តតវ៉ាយ៉ាងខ្លាំងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ បន្ទាប់ពីកងកម្លាំងយោធាថៃឈ្លានពាន បានបន្តរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា បន្ថែមទៀត នៅខេត្តឧត្ដរមានជ័យ…។

រូបតំណាង
រូបតំណាង

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កាលពីនៅថ្ងៃទី២២ និងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានបញ្ជូនគ្រឿងចក្រធុនធ្ងន់ ចូលក្នុងទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការរំលោភបំពាននេះ កើតឡើងស្របពេលជាមួយនឹងដំណើរចុះពិនិត្យដោយគ្មានការអនុញ្ញាតរបស់លោក អនុទីន ឆានវីរគុល នាយករដ្ឋមន្ត្រីថៃ មកកាន់តំបន់អានសេះ នៃខេត្តព្រះវិហាររបស់កម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា។ ក្រសួងការបរទេសកម្ពុជា ចាត់ទុកសកម្មភាពនេះ ជាការរំលោភបំពានយ៉ាងជាក់ច្បាស់ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត១/២០០ ០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម និងមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ក៏ដូចជាចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការ GBC ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងក្លា និងទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះ នៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ និងនៅតំបន់ផ្សេងទៀត ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃ កាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុន។ កម្ពុជាអះអាងជាថ្មីម្ដងទៀត ដោយមិនទទួលស្គាល់ជាដាច់ខាត នូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ មិនប៉ះពាល់ដលសិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ ក​ម្ពុជាប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា៖«ខ្សែបន្ទាត់ព្រំដែន មិនត្រូវផ្លាស់ប្ដូរដោយកម្លាំងនោះឡើយ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត