
ម៉ុងតេណេហ្គ្រោ៖ នៅឯសភាប្រទេសម៉ុងតេណេហ្គ្រោ ចំពោះមុខបណ្តាប្រទេសនៃសហគមន៍សភាប្រើភាសាបារាំង លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា បានរៀបរាប់ពីហានិភ័យកម្រិតខ្ពស់ នៃការរីករាលដាលជម្លោះថៃឈ្លានពានកម្ពុជា និងស្នើឱ្យសហគមន៍សភាប្រើភាសាបារាំងជួយកម្ពុជា តាមរយៈការទូត ខណៈកងទ័ពថៃបន្តលុកលុយចូលក្នុងទឹកដីកម្ពុជា មិនគោរពតាមគោលការណ៍ និងយន្តការដែលមានស្រាប់ បង្ការការរីកសាយភាយនៃជម្លោះឱ្យបានពេញលេញ ឬអនុវត្តឱ្យមានប្រសិទ្ធភាព…។

ស្ថាប័នព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញផ្សាយជាសាធារណៈនៅសុន្ទរកថា ដែល លោក អ៊ុច បូររិទ្ធ ប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង (APF) បានថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃសភាប្រើភាសាបារាំង ប្រព្រឹត្តទៅនៅសភាប្រទេសម៉ុងតេណេហ្គ្រោ កាលពីថ្ងៃទី៣១មករា។ បើតាមសុន្ទរកថា ស្តីអំពី«ស្ថានភាពនយោបាយនៅអាស៊ីអាគ្នេយ៍» នោះ លោក អ៊ុច បូររិទ្ធ បានអះអាងពីការគោរពច្បាប់អន្តរជាតិ និងមិនស្វែងរកការប្រឈមមុខដាក់គ្នា ដោយប្រើប្រាស់កងកម្លាំងយោធារបស់ភាគីកម្ពុជា។

ក្នុងពេលជាមួយគ្នា លោកបានលើកឡើងពីករណីជម្លោះព្រំដែន ដែលថៃបើកឈ្លានពានកម្ពុជា ដោយភ្ជាប់ជាមួយក្ដីកង្វល់យ៉ាងខ្លាំង ចំពោះការព្យាយាមជាឯកតោភាគីរបស់ភាគីថៃ ក្នុងការផ្លាស់ប្ដូរស្ថានភាពដើម (Status Quo) នៃដែនដី ដោយផ្អែកលើផែនទីរៀបចំឡើងជាឯកតោភាគី ដែលគ្មានមូលដ្ឋានច្បាប់ព្រមព្រៀងគ្នា ឬការទទួលស្គាល់ជាអន្តរជាតិ ហើយបើកការវាយប្រហារមកលើកម្ពុជាតែម្ដង។ កាន់តែធ្ងន់ធ្ងរថែមទៀត បន្ទាប់ពីការចូលជាធរមាននៃបទឈប់បាញ់ កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កងទ័ពថៃ នៅតែបន្តលុកលុយចូលក្នុងទឹកដីកម្ពុជា រាយខ្សែលួសបន្លា ដាក់ទូរកុងតឺន័រ និងរារាំងការចូលទៅកាន់លំនៅឋានរបស់ប្រជាពលរដ្ឋស៊ីវិល។

លោក អ៊ុច បូររិទ្ធ សង្កត់ធ្ងន់ថា៖«អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះ គឺសកម្មភាពអស់ទាំងនោះ បានភ្ជាប់មកជាមួយនឹងវត្តមាន និងការគ្រប់គ្រង ត្រួតត្រាជាបន្តបន្ទាប់នូវតំបន់មួយចំនួន ស្ថិតនៅយ៉ាងច្បាស់ក្នុងទឹកដីកម្ពុជា ដែលជាការបង្កើតឱ្យមានការកាន់កាប់ដោយខុសច្បាប់ ព្រមទាំងសកម្មភាពបំផ្លិចបំផ្លាញលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិល»។ ស្ថិតនៅចំពោះមុខសោកនាដកម្មមនុស្សជាតិដ៏ឈឺចាប់នេះ កម្ពុជាតវ៉ាយ៉ាងដាច់អហង្កាប្រឆាំងនឹងការកាន់កាប់ដោយខុសច្បាប់ លើផ្នែកខ្លះនៃទឹកដីអធិបតេយ្យរបស់ខ្លួន។ ដោយយល់ច្បាស់អំពីតួនាទី និងសមត្ថភាពផ្ទាល់របស់មហាសន្និបាតសភាប្រើភាសាបារាំង (APF) កម្ពុជា អំពាវនាវដោយមិត្តភាពដល់សហគមន៍សភាប្រើភាសាបារាំង ជួយរួមចំណែកតាមរយៈវិស័យការទូតសភា ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ក្នុងន័យនេះ លោក អ៊ុច បូររិទ្ធ គូសបញ្ជាក់បន្ថែមថា៖«កម្ពុជាស្នើសហគមន៍សភាប្រើភាសាបារាំង បញ្ជាក់ឡើងវិញនូវគោលការណ៍គ្រឹះ នៃការមិនប្រើប្រាស់កម្លាំង ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋនានា ព្រមទាំងលើកទឹកចិត្តឱ្យមានការគោរពតាមការប្តេជ្ញាចិត្តនៃបទឈប់បាញ់ ក៏ដូចជាជំរុញការប្រើប្រាស់យន្តការសន្តិវិធីដែលមានស្រាប់ និងការសន្ទនា ក្នុងស្មារតីទទួលខុសត្រូវ ការអត់ធ្មត់ និងសហប្រតិបត្តិការ»។ តាមរយៈសុន្ទរកថាដដែល ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង (APF) ចាត់ទុកថា វត្តមានយោធាថៃ ដែលនៅតែបន្តរំលោភលើព្រំដែន ដែលត្រូវបានទទួលស្គាល់ និងលើកាតព្វកិច្ចដែលបានព្រមព្រៀងគ្នា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាបន្តបន្ទាប់លើបូរណៈភាពទឹកដីកម្ពុជា។

អនុលោមតាមច្បាប់អន្តរជាតិ រាល់ការកាន់កាប់ដោយខុសច្បាប់ មិនអាចបង្កើតឱ្យមានផលផ្លូវច្បាប់ណាមួយបានឡើយ។ ក្នុងន័យនេះ កម្ពុជា ទាមទារឱ្យមានការដកចេញនូវរាល់វត្តមានយោធាបរទេសទាំងអស់ពីទឹកដីរបស់ខ្លួន ដោយគ្មានលក្ខខណ្ឌ ព្រមទាំងការស្តារឡើងវិញនូវលក្ខខណ្ឌនានា ដែលអនុញ្ញាតឱ្យប្រជាជនស៊ីវិលអាចវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព។ គួរជ្រាបថា គិតត្រឹមថ្ងៃទី៣កុម្ភៈ ឆ្នាំ២០២៦ ពលរដ្ឋកម្ពុជាប្រមាណជាង១០ម៉ឺននាក់ ភាគច្រើនជាស្ត្រី និងកុមារ នៅតែបន្តរងគ្រោះព្រោះតែសង្គ្រាមថៃឈ្លានពានតាមខេត្តជាប់ព្រំដែន។ រងគ្រោះក៏ព្រោះតែការប្រយុទ្ធគ្នាដោយកងកម្លាំងរវាងថៃ-កម្ពុជា ត្រូវផ្អាកអស់រយៈពេលជាង១ខែកន្លងផុតទៅហើយ ប៉ុន្តែជនភៀសសឹកទាំងនេះ នៅតែមិនអាចវិលទៅលំនៅឋានខ្លួនវិញបាន នោះក៏ព្រោះតែ ទីតាំងផ្ទះពួកគេមួយចំនួនត្រូវកងទ័ពថៃព័ន្ធយកដោយខុសច្បាប់ និងបំផ្លាញចោល៕









