កំហឹងព្យុះសូដេល បានវិវត្តទៅជាព្យុះសង្ឃរា ជះឥទ្ធិពលមកលើកម្ពុជាបង្កឱ្យមានខ្យល់កន្ត្រាក់ ក្នុងល្បឿនលឿន
S
Sreyleak Yith
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ យោងតាមការឱ្យដឹងពីមន្ត្រីក្រសួងធនធានទឹក ចាប់ពីថ្ងៃនេះដល់ដំណាច់ខែសីហា ព្យុះទី១៨ ឈ្មោះសូដេល បានវិវត្តខ្លួនទៅជាព្យុះសង្ឃរា មានឥទ្ធិពលមកលើអាងទន្លេមេគង្គ សមុទ្ទកម្ពុជា សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង ឈូងសមុទ្ទបេងហ្គាល និងបង្កឱ្យប្រទេសកម្ពុជាប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់…។

រូបតំណាង
រូបតំណាង

មន្ត្រីក្រសួងធនធានទឹក អះអាងថា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះសង្ឃរាសូដេល ទេ តែយ៉ាងណា ស្ថានភាពបែបនេះ នឹងធ្វើឱ្យ តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ល្បឿនមធ្យម៧ម៉ែត្រក្នុងមួយវិនាទី ធ្វើឱ្យខេត្តកំពត កែប ជួរភ្នំបូកគោ ខេត្តកោះកុង ក្រុងព្រះសីហនុ មានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៦០ភាគរយ។រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមាកន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ

រីឯ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសពាយ័ព្យ ល្បឿនមធ្យម៦ម៉ែត្រក្នុងមួយវិនាទី ធ្វើឱ្យរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ និងខេត្តកណ្តាល មានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៣០ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមក្នុងល្បឿន៨ម៉ែត្រក្នុងមួយវិនាទី នាំឱ្យខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥០ភាគរយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត