
រាជធានីភ្នំពេញ៖ កម្ពុជា-ថៃ តាមរយៈក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤កម្ពុជា និងកងទ័ពយោធភូមិភាគទី២ថៃ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៥កក្កដា ឆ្នាំ២០២៦ បានជួបប្រជុំគ្នាក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីពិភាក្សារិះរកដំណោះស្រាយបញ្ហានានាជាមួយគ្នាដោយសន្តិវិធី និងបានទាន់ពេលវេលា។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា...។

ភាគីកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC) ថៃ។ ក្នុងកិច្ចប្រជុំ ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ, ការពង្រីកភូមិសាស្ត្រ, សកម្មភាពរាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែលមិនទាន់ដាច់ស្រេច។ ភាគីកម្ពុជា ក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែង និងខ័ណ្ឌសីមា នៃគណៈកម្មាការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងប្រទេសទាំងពីរ ដូចមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ចំពោះហេតុការណ៍ការបាញ់ និងការបង្កផ្ទុះ ប្រធានក្រុមលេខាធិការ RBC កម្ពុជា បានស្នើឱ្យភាគីថៃ ផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុក្ខដាក់បំផុត ដើម្បីកុំឱ្យមានការយល់ច្រឡំ និងដាក់ចេញវិធានការទប់ស្កាត់កុំឱ្យកើតមានបន្តទៀត ចៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់។ កម្ពុជាក៏បានស្នើឱ្យភាគីថៃចូលរួមសហការ ក្នុងការអប់រំ និងរឹតបន្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់កុំឱ្យមានសកម្មភាពណាមួយដែលអាចនាំទៅដល់ការបង្កហេតុ ដូចជា៖ ការបាញ់បោះ, ការរាយលួសបន្លា, និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ជាដើម។ កម្ពុជាក៏បានលើកឡើងពីសារសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត ជាពិសេស ការផ្សព្វផ្សាយទាំងហ្លាយណាដែលមានចរិតលក្ខណៈអុជអាលឱ្យមានការស្អប់គ្នា និងចងគំនុំ។

ប្រធានក្រុមលេខាធិការ RBC កម្ពុជា បានគូសបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ ខ្ជាប់ខ្ជួន នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជា និងថៃ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែល មានស្រាប់រវាងប្រទេសទាំងពីរ៕




