អ្នកជំនួសពិតជាស័ក្ដិសម! មេទ័ព សូត្រ ប៊ុនធី ត្រូវជ្រើសរើសផ្លូវការ ដឹកដៃសិស្សច្បង៤រូប ហោះទៅអង្រួនទឹកដីនូវ៉ែលសេឡង់ដ៍
Chanmarady Chuon
5 ម៉ោងមុន

គុនខ្មែរ៖ ស្ថាប័ន KSF (Kun Khmer Super Fight) សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសសមាសភាពកីឡាករផ្លូវការជាថ្មី ដោយរហស្សនាមមេទ័ព សូត្រ ប៊ុនធី ត្រូវ​បានជ្រើសរើស​ឱ្យ​ចូលខ្លួនជំនួសតំណែងដែលនៅទំនេរ ដើម្បីដឹកដៃអ្នកចម្បាំងគុនខ្មែរចាស់វស្សា៤រូបទៀត ហោះឆ្លងទ្វីប ទៅវាយនៅលើសង្វៀន លើទឹកដីប្រទេសនូវ៉ែលសេឡង់ដ៍ (New Zealand) នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ...។

ការផ្លាស់ប្ដូរសមាសភាពក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមនេះ បានធ្វើឡើង បន្ទាប់ពីកីឡាករ​ ចាន់ ប៊ុនហឿន បានជួបគ្រោះថ្នាក់ដាច់សរសៃ APL ត្រូវអាក់ខានប្រកួត។ បន្ទាប់មក កីឡាករ ឡុង បេនលឿន ​​គ្រោងត្រូវ​ឱ្យ​ជួយ​ជំនួស តែជាអកុសល រូបគេក៏បានរងរបួសម្នាក់ទៀត។ នៅទីបំផុត ស្ថាប័នរៀបចំការប្រកួត ដឹកនាំដោយលោក សឿ វណ្ណៈ បានសម្រេចជ្រើសរើសកីឡាករជើងខ្លាំង សូត្រ ប៊ុនធី (សួន ចាន់នី) ឱ្យចូលមកទទួលភារកិច្ចដ៏សំខាន់មួយនេះតែម្ដង។

សូមជម្រាបជូនថា សមាសភាពកីឡាករគុនខ្មែរទាំង៥រូប ដែលត្រូវចេញទៅអង្រួនទឹកដីនូវ៉ែលសេឡង់ដ៍ រួមមាន៖ ១.កីឡាករ សូត្រ ប៊ុនធី (ជំនួសតំណែងប្រភេទទម្ងន់៦៥គីឡូក្រាម), ២.កីឡាករ ឡុង សំណាង, ៣.កីឡាករ ឃីម ឌីម៉ា, ៤.កីឡាករ ឃីម បូរ៉ា និង៥.កីឡាករ រឿង សោភ័ណ្ឌ ម្ចាស់រហស្សនាម ដៃភ្លើងជើងរន្ទះ ។

សូមរម្លឹកផងដែរ ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ក្រុមអ្នកចម្បាំងគុនខ្មែរជំនាន់មុន រួមមាន៖ លន បញ្ញា, ថៃ រ៉េត, ឡៅ ចន្ទ្រា, ធន់ ចាន់តាក់ និង ធន់ វណ្ណា ធ្លាប់​បង្កើតប្រវត្តិសាស្ត្រដណ្តើមបានជ័យជម្នះយ៉ាងត្រចះត្រចង់ នៅលើទឹកដីនូវ៉ែលសេឡង់ដ៍ ម្ដងរួចមកហើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្នេហាកីឡាគុនខ្មែរ បានសម្ដែងការពេញចិត្ត និងលើកឡើងថា ការជ្រើសរើស សូត្រ ប៊ុនធី មកជំនួសនៅពេលនេះ គឺពិតជាស័ក្តិសមខ្លាំងណាស់ ព្រោះអាវុធ និងស្នៀតប្រយុទ្ធរបស់មេទ័ពរូបនេះ ល្អស្មើដៃ មិនចាញ់សិស្សច្បងឯទៀតប៉ុន្មាននោះឡើយ។ លើសពីនេះ វាក៏ជាការបើកឱកាសមាស សម្រាប់​រូបគេបានចេញទៅអង្រួនឆាកអន្តរជាតិ និងបង្ហាញសមត្ថភាពឱ្យបរទេសបានស្គាល់ កាន់តែច្បាស់។ មហាជនរង់ចាំមើលថា តើសមាសភាពកីឡាករចាស់វស្សាទាំង៥រូប ​ចេញទៅប្រកួតលើកទី២ នាខែកញ្ញាខាងមុខនេះ នឹងអាចដណ្ដើមជ័យជម្នះ នាំត្រឡប់មកកាន់​ប្រទេសជាតិបានកម្រិតណា...​៕

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ក្រុមអ្នកចម្បាំងគុនខ្មែរជំនាន់មុន រួមមាន៖ លន បញ្ញា, ថៃ រ៉េត, ឡៅ ចន្ទ្រា, ធន់ ចាន់តាក់ និង ធន់ វណ្ណា
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ក្រុមអ្នកចម្បាំងគុនខ្មែរជំនាន់មុន រួមមាន៖ លន បញ្ញា, ថៃ រ៉េត, ឡៅ ចន្ទ្រា, ធន់ ចាន់តាក់ និង ធន់ វណ្ណា
កីឡាករ ឡុង បេនលឿន របួស
កីឡាករ ឡុង បេនលឿន របួស
កីឡាករ ចាន់ ប៊ុនហឿន របួស
កីឡាករ ចាន់ ប៊ុនហឿន របួស
កីឡាករ សូត្រ ប៊ុនធី (សួន ចាន់នី) ចូលមកជំនួស
កីឡាករ សូត្រ ប៊ុនធី (សួន ចាន់នី) ចូលមកជំនួស
សមសភាពដែលត្រូវប្រកួតមុនពេលមានការប្រែប្រួល
សមសភាពដែលត្រូវប្រកួតមុនពេលមានការប្រែប្រួល
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត