ក្រោយ បេនតូ ផ្ដួល ឈឿង ល្វៃ ត្រឹមទឹកទី២ អ្នកគាំទ្រដង្ហើយហៅ ធឿន ធារ៉ា ចេញមុខសងសឹក តើអាចទៅរួចទេ?
Chanmarady Chuon
23 សីហា 2026 10:00 AM

កីឡា៖ ជំនួបដណ្ដើមខ្សែក្រវាត់នៅលើសង្វៀនបាយ័ន កាលពីយប់ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយភាពភ្ញាក់ផ្អើល បន្ទាប់ពីនាគរាជខ្មៅចតុមុខ ឈឿង ល្វៃ ត្រូវកីឡាករប្រេស៊ីល បេនតូ (Bento) ផ្ដួលត្រឹមទឹកទី២។ បរាជ័យនេះ ធ្វើឱ្យអ្នកគាំទ្រគុនខ្មែរផ្ទុះការជជែកដេញដោលយ៉ាងក្ដៅគគុក និងបានដង្ហើយហៅអ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ឱ្យចេញមុខមកសងសឹកជំនួស…។

ក្នុងជំនួបសងសឹកកាលពីយប់មិញ បេនតូ បានបង្ហាញការត្រៀមខ្លួនយ៉ាងល្អ ដោយរូបគេមើលឃើញពីចំណុចខ្សោយរបស់កីឡាករ ឈឿង ល្វៃ យ៉ាងច្បាស់។ កីឡាករប្រេស៊ីលរូបនេះ បានប្រើអាវុធធ្ងន់ទាត់សន្ធាប់លើជើងក្រោមរបស់ ឈឿង ល្វៃ ជាបន្តបន្ទាប់ រហូតឈានដល់ពាក់កណ្ដាលផ្លូវទឹកទី២ ឈឿង ល្វៃ មិនអាចទ្រាំទ្រនឹងទម្ងន់ជើងបាន ក៏ត្រូវអាជ្ញាកណ្ដាលរាប់ដល់១០ និងបោះបង់ការប្រកួតតែម្ដង។ គួររម្លឹកថា កន្លងមក ទាំង ឈឿង ល្វៃ និង ធឿន ធារ៉ា សុទ្ធតែធ្លាប់មានប្រវត្តិជួប បេនតូ រួចមកហើយ កាលពីជាង២ឆ្នាំមុន។ ធឿន ធារ៉ា ធ្លាប់ផ្ដួល បេនតូ ឱ្យសន្លប់ក្នុងទឹកទី១ យ៉ាងរន្ធត់ ក្នុងព្រឹត្តិការណ៍ 8 Men Tournament World championship។ ចំណែក ឈឿង ល្វៃ ធ្លាប់ឈ្នះ បេនតូ ដោយពិន្ទុយ៉ាងតានតឹងក្នុងជំនួបតគីឡូ ក្រោយប្រកួតតស៊ូយ៉ាងតឹងតែងពេញ៣ទឹក។

តើ ធឿន ធារ៉ា អាចចេញមុខសងសឹកតាមការស្រមៃរបស់អ្នកគាំទ្របានដែរឬទេ? ទោះបីជាមានការទាមទារខ្លាំងពីអ្នកគាំទ្រ ប៉ុន្តែអ្នកវិភាគ និងមហាជនមួយចំនួនធំ លើកឡើងថា ជំនួបនេះស្ទើរតែមិនអាចទៅរួចឡើយ ដោយសារតែប្រភេទទម្ងន់ខុសគ្នាខ្លាំង។ ការដំឡើងទម្ងន់រហូតដល់ ៧៤-៧៦គីឡូក្រាម របស់ ឈឿង ល្វៃ ត្រូវបានគេមើលឃើញថា ជាការគិតខុស និងបច្ចេកទេសធ្លាក់ចុះ ធ្វើឱ្យអាវុធស្រាល និងបាត់បង់ភាពរហ័សរហួន ដូចខ្លាដេញប្រមាញ់ប្រើស។ ដោយឡែក ជំហរច្បាស់លាស់របស់ ធឿន ធារ៉ា រក្សាទម្ងន់ស្ដង់ដាររបស់ខ្លួនត្រឹម ៧៣គីឡូក្រាមប៉ុណ្ណោះ ហើយរូបគេនឹងមិនឡើងប្រកួតតាមការបង្អើល ឬការទាមទារខុសប្រភេទទម្ងន់នោះឡើយ។ សរុបសេចក្ដីមក ការរំពឹងទុកឱ្យ ធឿន ធារ៉ា ចេញមុខសងសឹក បេនតូ ជំនួស ឈឿង ល្វៃ គ្រាន់តែជាបំណងប្រាថ្នារបស់អ្នកគាំទ្រប៉ុណ្ណោះ ប៉ុន្តែបើមើលលើទិដ្ឋភាពបច្ចេកទេស និងប្រភេទទម្ងន់ជាក់ស្ដែង គឺពិតជាមានគម្លាតខុសគ្នារវាងមេឃ និងដី ដែលមិនអាចផ្គូផ្គងបានឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត