តើ លន បញ្ញា អាចសាងប្រវត្តិសាស្ត្រជាកីឡាករខ្មែរដំបូងគេ ស្ពាយខ្សែក្រវាត់ K-1 WORLD MAX មកកម្ពុជា..?
Chanmarady Chuon
មួយថ្ងៃមុន

គុនខ្មែរ៖ អ្នកលេងគុនខ្មែរដែលមានរហស្សនាម គ្រូម៉ៅចាប់ខ្មោច លន បញ្ញា កំពុងត្រៀមខ្លួនសាងប្រវត្តិសាស្ត្រមួយជូនអ្នកគាំទ្រគុនខ្មែរនៅប្រទេសកម្ពុជា តាមរយៈការចេញទៅប្រកួតវគ្គជម្រុះដណ្តើមខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក ទម្ងន់៧០គីឡូក្រាម (K-1 WORLD MAX) នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន...។

ការធ្វើដំណើរទៅក្រៅប្រេទេសលើកនេះ ក៏មានវត្តមានអ្នកលេងគុនខ្មែរវ័យក្មេង ធន់ ម៉េងហុង អមដំណើរទៅប្រកួតក្នុងរាត្រីជាមួយគ្នា ដើម្បីដណ្តើមខ្សែក្រវាត់កម្រិតពិភពលោកដូចគ្នាផងដែរ។ អ្នកគាំទ្រកំពុងផ្តល់ក្តីរំពឹង ក៏ដូចជាលើកជាសំនួរថា តើ លន បញ្ញា អាចក្លាយជាកីឡាករខ្មែរដំបូងគេ តំណាងឱ្យកម្ពុជាដណ្តើមបានខ្សែក្រវាត់ K-1 WORLD MAX ដូចកាលកីឡាករ ធឿន ធារ៉ា ផ្តួលជើងខ្លាំងផ្ទះលេខពីរដណ្តើមខ្សែក្រវាត់កម្រិតអន្តរជាតិ ដែរឬទេ..? យ៉ាងណា វិញ្ញាសាសម្រាប់ លន បញ្ញា ហាក់ដូចជាធ្ងន់ធ្ងរបន្តិច ព្រោះរូបគេត្រូវជម្នះឧបសគ្គជាមួយកីឡាករកម្រិតពិភពលោក ចាប់តាំងពីវគ្គជម្រុះ១៦នាក់ ដើម្បីច្បាមយកឱកាសឡើងមកវគ្គ៨នាក់ចុងក្រោយ ឬ(8-Man Tournament) នាចុងឆ្នាំ២០២៦ ដើម្បីស្ពាយខ្សែក្រវាត់ K-1 WORLD MAX មកកាន់មាតុភូមិវិញ។

សូមមើលសមាសភាពបេក្ខភាពកីឡាករទាំង១៦រូបដែលត្រៀមខ្លួនប្រកួតវគ្គជម្រុះជុំទី១ ដែលនឹងមានកីឡាករ៨នាក់ត្រូវធ្លាក់ចេញពីកម្មវិធី រួមមាន៖ ទី១.Alfonso Camara អាល់ហ្វុនសូ កាម៉ារ៉ា មកពីបារាំង, ទី២.Darryl Verdonk ដារីល វើដុង មកូនកាត់ហុល្លង់-ឥណ្ឌូណេស៊ី, ទី៣.Jayjay Morris ជេជេ ម៉ូរីស មកពីហុល្លង់, ទី៤.Jonas Salsicha ចូណាស សាល់ស៊ីឆា មកពីប្រេស៊ីល, ទី៥.Jonathan Aiulu ចូណាថាន អាយអ៊ូលូ មកពីអូស្ត្រាលី, ទី៦.Jones Coliseum ចូនេស កូលីស៊ាម មកពីប្រេស៊ីល, ទី៧.Kasper Musinski កាស្ពើ មូស៊ីនស្គី មកពីប៉ូឡូញ, និងទី៨.Lorenzo Di Vara ឡូរ៉េនហ្សូ ឌី វ៉ារ៉ា មកពីអ៊ីតាលី។

ចំណែកកីឡាករទី៩.Kazuki Matsumoto កាហ្ស៊ូគី ម៉ាត់ស៊ូម៉ូតូ កូនកាត់ជប៉ុន-ហ្វីលីពីន, ទី១០.Sergey Adamchuk ស៊ែហ្គី អាដាំឈុក មកពីអ៊ុយក្រែន, ទី១១.Stoyan Koprivlensky ស្កូយ៉ាន កូព្រីវឡេនស្គី មកពីប៊ុលហ្គារី, ទី១២. Vladimir Tulaev វ៉្លាឌីមៀ ទូឡែវ ជើងខ្លាំងមកពីរុស្ស៊ី, ទី១៣.Winner PK Saenchai វីនន័រ ភីខេ សែនជ័យ សន្តតិវង្សចោរមកពីអតីតនគរស្យាម, ទី១៤. Zack Pankhurst ហ្សាក់ ផាំងហ៊ឺស មកពីអូស្ត្រាលី, ទី១៥.Zhora Akapyan ហ្សូរ៉ា អាខាពាន មកពីអាល់មេនី) និងទី១៦.គ្រូម៉ៅចាប់ខ្មោច កីឡាករ លន បញ្ញា ជើងខ្លាំងរបស់កម្ពុជា។

គួររំឭកផងដែរថា កន្លងមកមានកីឡាករគុនខ្មែរតែម្នាក់ប៉ុណ្ណោះ គឺ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា ដែលបានឈ្នះខ្សែក្រវាត់កម្រិតខ្ពស់នៅក្រៅប្រទេស និងក្រោយមកមានកីឡាករខ្មែរកំពូលៗ៣រូប សាងប្រវត្តិសាស្ត្រឈ្នះពានការប្រកួតវិលជុំ (8-Man Tournament) នៅក្នុងប្រទេស ដូចជា៖ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា, ទាយាទស្តេចប្រដាល់គុនខ្មែរ ម៉ឺន មេឃា និងក្របីព្រៃ ពេជ្រ សម្បត្តិ។ ប៉ុន្តែអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា, បានរបូតខ្សែក្រវាត់នោះទៅវិញ ក្រោយរងបរាជ័យ២លើកជាប់ៗគ្នា។ ចំពោះវិញ្ញាសាឃីកបុកស៊ីងកម្រិតពិភពលោកដូចជា (K-1) នេះ នៅមិនទាន់មានកីឡាករកម្ពុជារូបណាដណ្តើមបានខ្សែក្រវាត់នៅឡើយទេ។

ដូចនេះ បើការប្រកួតរបស់ លន បញ្ញា លើកនេះ អាចឈ្នះវគ្គជម្រុះជ្រើយក៨នាក់ចុងក្រោយ រូបគេជាកីឡាករទី៤ ដែលអាចប្រកួតវិលជុំដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក(8-Man Tournament) ដែលមិនត្រឹមជាការតស៊ូស្វែងរកកិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់អ្នកប្រដាល់គុនខ្មែរលើឆាកឃីកបុកស៊ីងអន្តរជាតិផងដែរ។ អ្នកគាំទ្រកំពុងរង់ចាំមើលគ្រូម៉ៅចាប់ខ្មោច លន បញ្ញា ថាអាចប្រកួតឈ្នះវគ្គជម្រុះនេះបានទេ ដើម្បីស្ពាយក្តីសង្ឃឹមឆ្ពោះទៅគ្រងជើងឯក K-1 World នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត