រាជនីរន្ទះជើងកណ្ដូបសេះ ត្រៀមខ្លួនបង្ហាញវត្តមានលើសង្វៀន K-1 ជាមួយ លន បញ្ញា
Chanmarady Chuon
4 ម៉ោងមុន

កីឡា៖ កីឡាការិនីល្បីឈ្មោះ ម៉ូណា គីម៉ូរ៉ា (Mona Kimura) រហស្សនាមរាជនីរន្ទះជើងកណ្ដូបសេះ ត្រូវឡើងប្រកួតលើសង្វៀន K-1 តែមួយ ជាមួយកីឡាករកម្ពុជា លន បញ្ញា និង ធន់ ម៉េងហុង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ សម្រាប់អ្នកស្នេហាកីឡាប្រដាល់ប្រហែលជាបានស្គាល់រូបនាងរួចមកហើយ តែមហាជនមួយចំនួនប្រហែលជាមិនទាន់បានស្គាល់រន្ទះជើងរបស់កីឡាករនីរូបស្រស់នេះនៅឡើយទេ។ ថ្ងៃនេះ SBM News នឹងលើកប្រវត្តិខ្លះៗ មកជម្រាបជូនប្រិយមិត្ត។

ដោយសារការប្រកួតទូទៅ គេតែងតែលើកយកក្បាច់ពិសេសៗដូចជាការទាត់ បោះជង្គង់ ប្រើកណ្ដាប់ដៃ ឬកែងមកនិយាយ ប៉ុន្តែសម្រាប់ Mona Kimura វិញ រន្ទះជើងកណ្ដូបសេះ គឺជាអាវុធសម្លាប់ដ៏ពិសេសរបស់នាង ដែលកើតចេញពីការខិតខំប្រឹងប្រែងហ្វឹកហាត់ជើងតាំងតែពីតូចមកម្ល៉េះ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ កីឡាការិនីឃីកបុកស៊ីងអាជីព សញ្ជាតិជប៉ុនរូបនេះ រក្សាបានកំណត់ត្រាមិនដែលចាញ់សោះ ដោយឈ្នះ ៤ លើក ក្នុងនោះផ្តួលគូប្រកួតឱ្យសន្លប់ (KO) ចំនួន២លើក។ នេះនៅមិនទាន់រាប់បញ្ចូលការប្ររកួតក្រៅផ្លូវការជាច្រើនទៀតផង។

ប្រវត្តិប្រកួតអាជីពកន្លងមក រួមមាន៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាកម្មវិធី Krush 167 នាងបានយកឈ្នះកីឡាការិនី អៃ អូជីវ៉ារ៉ា (Ai Ogiwara) ដោយវាយឱ្យសន្លប់ (KO) នៅទឹកទី១ ដោយប្រើពេលត្រឹមតែ៩២វិនាទីប៉ុណ្ណោះ។ បន្ទាប់មកនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ក្នុងកម្មវិធី Krush 170 នាងបានយកឈ្នះកីឡាការិនី យូកា (Yuka) ដោយពិន្ទុជាឯកច្ឆន្ទ បន្ទាប់ពីប្រកួតពេញ៣ទឹក។ រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងកម្មវិធី Krush 177 នាងបានយកឈ្នះកីឡាការិនី សាតូកូ អូហ្សាវ៉ា (Satoko Ozawa) ដោយបច្ចេកទេស TKO តាមការសម្រេចរបស់គ្រូពេទ្យដោយសារគូប្រកួតមុតរលាត់ថ្ងាស និងក្រោមភ្នែកធំពេក។ ថ្មីៗនេះ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ក្នុងកម្មវិធី K-1 GENKI 2026 នាងបានយកឈ្នះជើងខ្លាំងមកពីកូរ៉េខាងត្បូង កីឡាការិនី អ៊ុនជីឆូយ (Eun Ji Choi) ដោយពិន្ទុជាឯកច្ឆន្ទ ៣០–២៧។

បច្ចុប្បន្ន Mona Kimura ប្រកួតក្នុងប្រភេទទម្ងន់ Strawweight/Flyweight (៥២គីឡូក្រាម) តំណាងឱ្យក្លឹប ខេវ័ន ជីម មីហ្គូរ៉ូ ធីម ថាយហ្គឺ (K-1 Gym Meguro Team Tiger)។ កីឡាការិនីវ័យ២៥ឆ្នាំរូបនេះ ទទួលបានរហស្សនាមនៅលើបណ្តាញអ៊ីនធឺណិតថា Chun-Li ក្នុងជីវិតពិត ដោយសារតែជំហរប្រយុទ្ធប្លែក និងល្បីល្បាញរបស់នាង។ នាងផ្លាស់ប្ដូរជំហរប្រយុទ្ធពីខាងឆ្វេង (Southpaw) ដោយប្រើការធាក់ចំហៀងជើងមុខជាប្រចាំ ដូចជាការម៉ាត់ស្ទាបស្ទង់ ដើម្បីទប់ចលនាគូប្រកួត និងគ្រប់គ្រងចម្ងាយ មុននឹងម៉ាត់ចេញជាឈុតយ៉ាងមុតស្រួច។ មុនពេលឈានជើងចូលប្រកួតឃីកបុកស៊ីងអាជីព នាងធ្លាប់ជាម្ចាស់ជើងឯកការប្រកួតការ៉ាត់តេយុវជនទូទាំងប្រទេសជប៉ុន (All Japan Junior Karate) ចំនួន៧សម័យកាល និងធ្លាប់ប្រកួតប្រដាល់សកលមិនអាជីព ដោយបានតំណាងឱ្យប្រទេសជប៉ុន ក្នុងព្រឹត្តិការណ៍ពានរង្វាន់ប្រដាល់សកលពិភពលោកផ្នែកនារី IBA Women's World Boxing Championships ឆ្នាំ២០២២ ផងដែរ។

ការវិលត្រឡប់មកកាន់សង្វៀនកម្រិតពិភពលោក សាជាថ្មីរបស់ Mona Kimura នាថ្ងៃទី១២ ខែកញ្ញា ខាងមុខ មិនត្រឹមតែជាការបន្តរក្សាកំណត់ត្រាមិនដែលចាញ់របស់នាងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបន្ថែមពន្លឺ និងការចាប់អារម្មណ៍កាន់តែខ្លាំងនៃព្រឹត្តិការណ៍ K-1 ទាំងមូលផងដែរ។ វត្តមានរបស់រាជនីរន្ទះជើងកណ្ដូបសេះរូបនេះ នឹងក្លាយជាការបើកឆាកដ៏ក្ដៅគគុក បង្កើតបរិយាកាសពុះកញ្ជ្រោលនៅលើសង្វៀន មុនពេលអត្តពលិកឆ្នើមតំណាងឱ្យកម្ពុជា គឺ​ កីឡាករ លន បញ្ញា និង ធន់ ម៉េងហុង ឈានជើងឡើងមកប្រកួតក្នុងវគ្គជម្រុះដណ្តើមខ្សែក្រវាត់ និងប្រកួតមិត្តភាពអន្តរជាតិ។ ដូច្នេះសូមប្រិយមិត្តអ្នកស្នេហាកីឡាប្រដាល់ រង់ចាំតាមដានទស្សនាទាំងអស់គ្នាថា តើ Mona Kimura អាចបន្តរក្សាកំណត់ត្រាមិនបរាជ័យរបស់ខ្លួនបានទេ? ហើយថា តើកីឡាករម្ពុជារបស់យើងអាចបង្កើតប្រវត្តិសាស្ត្រថ្មីឱ្យអ្នកគាំទ្របានដែរ ឬយ៉ាងណា?

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត