
រាជធានីតូក្យូ៖ ស្របពេលគ្រោះទឹកជំនន់ដ៏សាហាវ បង្កឱ្យកើតមានសោកនាដកម្មដ៏ធ្ងន់ធ្ងរនៅតំបន់ព្រំដែនរួមគ្នា រវាងប្រទេសនេប៉ាល់ និងរដ្ឋទីបេត៍(ចំណុះចិន) បានសម្លាប់មនុស្សរាប់រយនាក់ និងកំពុងបន្ដស្វែងរកអ្នកបាត់ខ្លួនប្រហែលជាង១០០០នាក់ ដែលមិនទាន់ឃើញ ពេលនេះ គ្រោះធម្មជាតិដ៏កំណាចមួយ មានទាំងព្យុះភ្លៀង ផ្គររន្ទះបាននិងកំពុងវាយប្រហារទៅលើតំបន់ភាគឦសានប្រទេសជប៉ុន និងបានបង្ខំឱ្យអាជ្ញាធរ ជម្លៀសប្រជាជនជិត៤សែននាក់ ចេញពីតំបន់ហានិភ័យខ្ពស់...។

សារព័ត៌មាន The Japan Times បានចេញផ្សាយព័ត៌មាននេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៧សីហាថា មនុស្សរាប់សែននាក់ នៅទូទាំងតំបន់ហូគូរិគុ (Hokuriku) បានទទួលបញ្ជាឱ្យជម្លៀសខ្លួនចេញនៅថ្ងៃព្រហស្បតិ៍នោះ ខណៈភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យទឹកទន្លេហូរហៀរជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ហើយអ្នកដំណើរត្រូវបានជួយសង្គ្រោះចេញពីរថយន្តដែលបានលិចចូលទៅនៅក្នុងទឹក។ ស្របគ្នានេះដែរ ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមានបន្ទាន់កម្រិតខ្ពស់បំផុត ចំពោះភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់ខ្លះ នៃខេត្តអ៊ីឈិកាវ៉ា (Ishikawa) និងតូយ៉ាម៉ា (Toyama) នៅមុនការបន្ថយកម្រិត នៃការព្រមាន នៅត្រឹមកម្រិតទី៣ នាល្ងាចថ្ងៃដដែលនោះ។ ការព្រមានកម្រិតទី៥ ត្រូវបានចេញសម្រាប់ទីក្រុងហាគូអ៊ិ (Hakui) និងទីប្រជុំជនស៊ិកា (Shika), ហូដាត្ស៊ូស៊ិមិហ្ស៊ូ (Hodatsushimizu) និងណាកាណូតុ (Nakanoto) ដែលសុទ្ធតែស្ថិតក្នុងខេត្តអ៊ីឈិកាវ៉ា ក៏ដូចជាទីក្រុងហីមី Himi ស្ថិតនៅខេត្តតូយ៉ាម៉ាផងដែរ។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បញ្ជាក់បន្ថែមថា កម្រិតនៃការព្រមាននេះ បង្ហាញពីស្ថានភាពដែលគំរាមកំហែងដល់អាយុជីវិត ដោយជំរុញឱ្យប្រជាពលរដ្ឋក្នុងតំបន់ ចាត់វិធានការធានាសុវត្ថិភាពរបស់ខ្លួនឯងជាបន្ទាន់។ ការព្រមានកម្រិតទី៣ នៅតែបន្តមាន នៅពេលក្រោយមកទៀតនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនោះ។ អាជ្ញាធរបានជំរុញឱ្យមានការជម្លៀសមនុស្សចាស់ និងជនងាយរងគ្រោះផ្សេងៗទៀត ដែលជួបការលំបាក ក្នុងការជម្លៀសចេញដោយខ្លួនឯង។ ជាមួយគ្នា សារព័ត៌មានហ្វីលីពីន The Manila Times ក៏បានចេញផ្សាយផងដែរថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្យាករ ថានឹងមានភ្លៀងធ្លាក់រហូតដល់២០សង់ទីម៉ែត្រនៅតំបន់កាហ្កា (Kaga) និងណូតូ (Noto) រហូតដល់ព្រឹកថ្ងៃសុក្រទី២៨ ខែសីហានេះ។ ខេត្តទាំងពីរ បានណែនាំប្រជាជនជាង៣៨០ ០០០នាក់ ជម្លៀសខ្លួនទៅរកទីជម្រកមានសុវត្ថិភាព។ រដ្ឋមន្រ្ដីទីស្ដីការគណៈរដ្ឋមន្រ្ដីជប៉ុន លោក មីណូរូ គីហារ៉ា (Minoru Kihara) បញ្ជាក់ថា៖«ទន្លេមួយចំនួន នៅក្នុងខេត្តទាំងពីរ មានទឹកហូរហៀរចេញពីច្រាំង បង្កើតជាទឹកជំនន់ជន់លិចលង់ផ្ទះសម្បែងជាច្រើន ប៉ុន្តែនៅមិនទាន់មានសេចក្តីរាយការណ៍ អំពីករណីរងរបួសនោះឡើយ»។


ដោយឡែក នៅប្រទេសនេប៉ាល់ ឯណោះវិញ អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ពីការធ្វើបច្ចុប្បន្នភាព ចំពោះហេតុការណ៍ទឹកជំនន់ល្បាប់ភក់ និងផ្ទាំងថ្មថា៖ មនុស្សជាង១៤០០នាក់ នៅតែបន្ដបាត់ខ្លួន និងមនុស្សរាប់រយនាក់ទៀតបានបាត់បង់ជីវិត ក្រោយគ្រោះមហន្ដរាយនៃទឹកជំនន់ដ៏កំណាច និងការរអិលបាក់ដីដ៏ធ្ងន់ធ្ងរ ដែលបានកើតឡើងកាលពីថ្ងៃពុធ នៅតំបន់ព្រំដែនរវាងប្រទេសនេប៉ាល់ និងតំបន់ស្វ័យតទីបេត៍ ស្ថិតក្រោមការគ្រប់គ្រងរបស់ចិន។ ចំពោះប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត បន្ទាប់ពីគ្រោះមហន្តរាយដែលត្រូវបានគេរាយការណ៍បឋមថា មកពីការបាក់ធ្លាក់ផ្ទាំងទឹកកក ខណៈចំនួនអ្នកស្លាប់សរុបទាំងប្រទេសនេប៉ាល និងតំបន់ស័្វយតទីបេត៍ បានកើនឡើងលើសពី៣៩០នាក់។ អាជ្ញាធរទេសចរណ៍ប្រទេសនេប៉ាល់ បានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះដែលកំពុងបាត់ខ្លួនទាំងនោះ មានភ្ញៀវទេសចរបរទេស មកពីជាង៣០ប្រទេស រួមទាំងប្រទេសឥណ្ឌា ម៉ាឡេស៊ី អ៊ុយក្រែន និងសហរដ្ឋអាម៉េរិក…ផងដែរ៕



