សង្គ្រាមត្រីកោណ? រុស្ស៊ី ព្រមានទម្លាក់គ្រា.ប់លើមូលដ្ឋានទ័ពចក្រភពព្រីតថេន ដោយសារខឹងផ្តល់មីស៊ីលដល់អ៊ុយក្រែន
Mao Sopha
2 ម៉ោងមុន

រដ្ឋធានីមូស្គូ៖ រុស្ស៊ី ព្រមានថា អាចនឹងវាយប្រហារគោលដៅយោធាចក្រភពព្រីតថេនដែលមានមូលដ្ឋានទាំងនៅក្នុងទាំងនៅក្រៅអ៊ុយក្រែន។ ហេតុអ្វី? រុស្ស៊ី អះអាងថា ព្រីតថេន ផ្តល់មីស៊ីលដល់អ៊ុយក្រែន ហើយអ៊ុយក្រែន ប្រើមីស៊ីលទាំងនោះ វាយប្រហារទៅលើរុស្ស៊ី។ រុស្ស៊ី ខឹងព្រីតថេនដាច់ក្បាលដាច់កន្ទុយដោយសាររឿងនេះ ហើយប្រកាសថា បើព្រីតថេន នៅតែផ្តល់មីស៊ីលទៅឱ្យអ៊ុយក្រែនទៀត រុស្ស៊ី នឹងលេងព្រីតថេនមួយក្ឌាំងវិញហើយ។  

អាវុធរុស្ស៊ី
អាវុធរុស្ស៊ី

អ្នកដែលចេញមកប្រើពាក្យព្រមានខ្លាំងៗ និងគួរឱ្យភ្ញាក់ផ្អើលនេះ គឺលោកស្រី ម៉ារៀ ហ្សាខារ៉ូវា (Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ក្នុងសន្និសីទសារព័ត៌មានមួយនៅទីរដ្ឋធានីមូស្គូ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ សារព័ត៌មាន Al Jazeera សរសេរថា នេះជាភាសាព្រមានផ្ទាល់មាត់ខ្លាំងបំផុតជាលើកដំបូងរបស់រុស្ស៊ី ទៅកាន់ចក្រភពព្រីតថេន។  

លោកស្រី ម៉ារៀ ហ្សាខារ៉ូវា
លោកស្រី ម៉ារៀ ហ្សាខារ៉ូវា

លើសពីនេះ លោកស្រី ហ្សាខារ៉ូវ៉ា ថែមទាំងព្រមានទៀតថា មហន្តរាយ អាចនឹងកើតមានឡើង បើចក្រភពអង់គ្លេសមិនព្រមផ្លាស់ប្តូរផ្លូវ ឬគោលជំហរនាពេលនេះ។ លោកស្រី ថ្លែងដូច្នេះថា៖«យើងបានព្រមានម្តងហើយម្តងទៀត! ការដាក់កងទ័ព និងសព្វាវុធរបស់ព្រីតថេននៅអ៊ុយក្រែន អាចនឹងត្រូវរុស្ស៊ីកំណត់គោលដៅ ដើម្បីឆ្លើយតបវិញ។ យើងស្នើទៅថ្នាក់ដឹកនាំព្រីតថេនម្តងទៀត ឱ្យពិនិត្យមើលស្ថានការណ៍ដោយប្រុងប្រយ័ត្ន ហើយត្រូវបោះបង់ចោលនូវទង្វើបង្កអរិភាព»។ 

កងទ័ពចក្រភពព្រីតថេន និងកងទ័ពអ៊ុយក្រែន
កងទ័ពចក្រភពព្រីតថេន និងកងទ័ពអ៊ុយក្រែន

ការព្រមាននេះ កើតឡើងតែ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ី ចោទប្រកាន់អ៊ុយក្រែនថា បានបាញ់មីស៊ីលប្រភេទ Storm Shadow របស់ចក្រភពព្រីតថេនទៅលើរុស្ស៊ី ដូចជា វាយប្រហារផ្សារទំនើបក្នុងទីក្រុង Donetsk (ដូណេត) ជាដើម។ កន្លងមក រុស្ស៊ី ក៏ធ្លាប់ទម្លាយដែរថា ចក្រភពព្រីតថេន ថែមទាំងជួយផ្តល់បច្ចេកវិទ្យាដល់អ៊ុយក្រែន ដើម្បីអាចបង្កើតមីស៊ីល Storm Shadow នេះដោយខ្លួនឯង។ រុស្ស៊ី ហៅការលូកដៃជួយរបស់ចក្រភពព្រីតថេនទៅដល់អ៊ុយក្រែន ថាប្រៀបដូចជា «ចាក់ប្រេងលើភ្លើងបន្ថែម»

មីស៊ីល Storm Shadow
មីស៊ីល Storm Shadow

មិនត្រឹមតែចក្រភពព្រីតថេនទេ! ​បារាំងឯណោះ ក៏ចេញមុខជួយអ៊ុយក្រែនដែរ ដោយបាន​យល់ព្រម​រួច​ហើយ​ក្នុង​ការ​ផ្តល់​អាជ្ញាបណ្ណ​បច្ចេកវិទ្យា​ដល់អ៊ុយក្រែន ដើម្បីផលិត​មីស៊ីល។ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ អ៊ុយក្រែន ទប់ទល់នឹងរុស្ស៊ី ដោយប្រើមីស៊ីល និងដ្រូនជាច្រើនគ្រឿង ជាពិសេសគឺដ្រូនតែម្តង។ គេអាចនិយាយបានថា ចំណុចខ្លាំងរបស់អ៊ុយក្រែននាពេលនេះ គឺដ្រូននេះឯង។ ជាក់ស្តែង ក្នុងទិវារម្លឹកខួបឯករាជ្យជាតិលើទី៣៥នាពេលថ្មីៗនេះ អ៊ុយក្រែន មិនបានបង្ហាញចំនួនកងទ័ពច្រើន ឬអាវុធអ្វីផ្សេងឱ្យមើលទៅឃើញដូចសម្បើមនោះទេ តែអ៊ុយក្រែន បែរជាបង្ហាញដ្រូនសម្រាប់ធ្វើសង្គ្រាមទៅវិញ ហើយបង្ហោះពាសពេញមេឃតែម្តង។ 

ដ្រូនសម្រាប់ធ្វើសង្គ្រាមរបស់អ៊ុយក្រែន
ដ្រូនសម្រាប់ធ្វើសង្គ្រាមរបស់អ៊ុយក្រែន

ចាប់តាំងពីរុស្ស៊ី ជាប្រទេសមានផ្ទៃដីធំជាងគេលើពិភពលោក និងជាមហាអំណាចមួយដែរនោះ បានបើកការវាយប្រហារលើអ៊ុយក្រែន ជាកូនប្រទេស តាំងពីដើមឆ្នាំ២០២២មក ចក្រភពព្រីតថេន រួមទាំងបណ្តាប្រទេសផ្សេងៗទៀត ដូចជា នៅតំបន់អឺរ៉ុប ជាដើម បានទាមទារឱ្យរុស្ស៊ីបញ្ឈប់សង្គ្រាមនេះ តែឥតបានផល។ ប្រទេសខ្លះ ដូចជា ចក្រភពព្រីតថេនជាពិសេស បានប្រកាសគាំទ្រអ៊ុយក្រែនត្រង់ៗតែម្តង។ បន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពព្រីតថេន នៅខែកក្កដា ឆ្នាំ២០២៦ លោក អែនឌី បឺនហាំ (Andy Burnham) ក៏ប្រកាសរក្សាជំហររដ្ឋាភិបាលខ្លួនដដែល ហើយផ្ញើសារទៅរុស្ស៊ីថា ព្រីតថេន នៅតែឈរខាងអ៊ុយក្រែន៕ 

លោក អែនឌី បឺនហាំ
លោក អែនឌី បឺនហាំ
ទង់ជាតិចក្រភពព្រីតថេន និងទង់ជាតិអ៊ុយក្រែន
ទង់ជាតិចក្រភពព្រីតថេន និងទង់ជាតិអ៊ុយក្រែន


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត