
រដ្ឋធានីកៀវ៖ បណ្ដាប្រទេសមួយចំនួន តំណាងឱ្យតំបន់អឺរ៉ុបចតុទិស ចាប់ផ្ដើមបញ្ឆេះកំហឹងជាថ្មីដល់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ដោយសមាជិកប្លុកនេះ កំពុងព្យាយាមជាថ្មី នៃការរឹបអូសទ្រព្យសម្បត្ដិរបស់រុស្ស៊ី ដែលត្រូវបានបង្កក មានទំហំទឹកប្រាក់ទំហំប្រមាណ២១០ពាន់លានអឺរ៉ូ ឬប្រហែល២៤៤,៥៤ពាន់លានដុល្លារអាម៉េរិក ភាគច្រើននៅក្នុងប្រទេសប៊ែលហ្ស៊ិក ដើម្បីយកទៅជួយអ៊ុយក្រែន ធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលរដ្ឋធានីមូស្គូ...។

សារព័ត៌មាន Euro News បានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៧សីហាថា បច្ចុប្បន្ន ប្រទេសអ៊ុយក្រែន កំពុងប្រឈមមុខនឹងកង្វះខាតថវិកា ហើយបណ្តាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប ក៏កំពុងស្ថិតក្រោមសម្ពាធនៅក្នុងការស្វែងរកដំណោះស្រាយ នៅមុនពេលឈានមកដល់រដូវកាលបោះឆ្នោត ឆ្នាំ២០២៧។ ប្រទេសចំនួន៤ នៅប្លុកអឺរ៉ុប បានចាប់ផ្តើមជំរុញឡើងវិញនូវការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបានបង្កកទុក សម្រាប់យកមកផ្គត់ផ្គង់តាមតម្រូវការថវិកា និងយោធារបស់អ៊ុយក្រែន នៅមុនពេលបណ្តាប្រទេសជាសមាជិកមួយចំនួននៃសហភាពអឺរ៉ុប ងាកទៅផ្ដោតលើការបោះឆ្នោតជាតិ នៅក្នុងប្រទេសរៀងៗខ្លួន។ សហភាពអឺរ៉ុប បានបង្កកទ្រព្យសម្បត្ដិរបស់រុស្ស៊ី ប្រមាណ២១០ពាន់លានអឺរ៉ូ ដែលភាគច្រើនបំផុតនៃទ្រព្យសម្បត្ដិទាំងនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសប៊ែលហ្ស៊ីក។

លិខិតរបស់សមាជិកមួយ បានសរសេរថា៖«អ៊ុយក្រែន មានតម្រូវការជំនួយហិរញ្ញវត្ថុបន្ថែមទៀត ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ សហភាពអឺរ៉ុប តាមរយៈការពិភាក្សាជាមួយដៃគូរបស់ខ្លួន គួរតែបន្តផ្តល់ជំនួយហិរញ្ញវត្ថុជួយដល់ប្រទេសអ៊ុយក្រែន ជាមួយនឹងការការគិតគូរគ្រប់ជ្រុងជ្រោយ អាចព្យាករបាន និងមានលក្ខណៈជាប្រព័ន្ធ ស្របទៅតាមតម្រូវការរបស់ប្រទេស ដែលកំពុងជាប់ដៃនៅក្នុងការទប់ទល់នឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី»។ លិខិតនោះ ត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសស៊ុយអែត និងមានការចុះហត្ថលេខារួមគ្នា ដោយប្រទេសហូល្លង់ អេស្ប៉ាញ និងប៉ូឡូញ ដែលជាការជ្រើសរើសតំណាងឱ្យតំបន់អឺរ៉ុបខាងជើង ខាងលិច ខាងត្បូង និងខាងកើត។

កាលពីដើមឆ្នាំ២០២៦ សហភាពអឺរ៉ុប បានផ្តល់ការអនុម័តចុងក្រោយលើកញ្ចប់ប្រាក់កម្ចីគាំទ្រចំនួន៩០ពាន់លានអឺរ៉ូ ឬប្រហែល១០៤,៨០ពាន់លានដុល្លារអាម៉េរិក សម្រាប់ប្រទេសអ៊ុយក្រែន។ ប៉ុន្តែរដ្ឋាភិបាលរដ្ឋធានីកៀវ នៅតែជួបប្រទះកង្វះខាតថវិកា ហើយរដ្ឋាភិបាលនានារបស់សហភាពអឺរ៉ុប ចង់បានដំណោះស្រាយមួយ ដែលមិនបង្កជាបន្ទុកបន្ថែមដល់ថវិកាជាតិពួកគេ។ កង្វះខាតថវិការបស់រដ្ឋធានីកៀវ ក៏មានភាពចាំបាច់ ជាបន្ទាន់ផងដែរ នៅក្នុងការធានាឱ្យបាននូវការផ្ដល់ហិរញ្ញប្បទាន នៅមុនពេលឈានចូលដល់រដូវកាលបោះឆ្នោតនៅឆ្នាំ២០២៧ ខណៈប្រទេសសមាជិកសំខាន់ៗរបស់ប្លុកនេះ មួយចំនួនរួមមាន៖ បារាំង ប៉ូឡូញ អ៊ីតាលី និងអេស្ប៉ាញ ដែលនឹងរៀបចំការបោះឆ្នោតរបស់ខ្លួន។

លិខិតដែលត្រូវបានតាក់តែងឡើង តាមរយៈគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលស៊ុយអែត មានខ្លឹមសារថា៖«យើងជឿជាក់ថា ឥឡូវនេះ ជាពេលវេលាមួយ សម្រាប់ការវិលត្រឡប់មកពិភាក្សាអំពីបញ្ហា ដែលថា តើយើងអាចប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបានបង្កកទុកនោះ ឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដល់អ៊ុយក្រែន ដោយរបៀបណា? ទោះបីជាយើង មានមោទកភាពចំពោះសមិទ្ធផលដែលយើងសម្រេចបានក៏ដោយ ក៏យើងមិនអាចនៅស្ងៀម ដោយពេញចិត្ត នឹងលទ្ធផលទាំងនោះបានដែរ»។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានថ្លែងថា ស្ថាប័ននេះ «ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់ជំនួយគ្រប់បែបយ៉ាង ដែលចាំបាច់នៅក្នុងបរិបទនេះ» ហើយនឹងសិក្សាលើលិខិតសំណើនោះ«យ៉ាងល្អិតល្អន់»។ ការរឹបអូសទ្រព្យសម្បត្ដិរបស់ប្រទេសរុស្ស៊ី ដែលបានបង្កក ក៏ធ្លាប់ធ្វើឱ្យមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ប្រតិកម្មយ៉ាងខ្លាំងរួចមកហើយ និងបានសងសឹកទៅក្រុមលោកខាងលិចវិញ ដោយការបង្កកទ្រព្យសម្បត្ដិរហូតដល់ប្រហែល៥០ពាន់លានដុល្លារ។ ប៉ុន្ដែសកម្មភាពថ្មីៗរបស់ប្លុកនេះ នឹងរឹតតែធ្វើឱ្យមេដឹកនាំរដ្ឋធានីមូស្គូ ផ្ទុះកំហឹងជាថ្មី ចំពេលទំនាក់ទំនងការទូតធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត នាអំឡុងឆ្នាំ១៩៩១មក៕




