
រាជធានីបាងកក៖ ស្ត្រីជនជាតិថៃ អាយុ៤៩ឆ្នាំម្នាក់ បានស្ទុះទៅទាញកែវ និងដបសូដាទាំងកំហឹងក្រេវក្រោធ វាយប្រហារទៅលើក្បាលប្រុសស្នេហ៍ ជនជាតិស្កត់ឡែនដ៏ម្នាក់ អាយុ៤១ឆ្នាំ ដោយសារតែគេសារភាពប្រាប់នាង អំពីការជាប់ចិត្តប្រតិព័ទ្ធទៅលើនារីម្នាក់ ដែលបម្រើការងារនៅបារ។ នេះបើតាមការអះអាងរបស់ប៉ូលិសថៃ ហើយត្រូវបានកាសែតខាវសដ ដកស្រង់យកមកចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហានេះ...។

ប៉ូលិសក្រុងប៉ាតាយ៉ា អះអាងថា កាលពីវេលាម៉ោង១២ៈ១៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសទទួលបានសេចក្ដីរាយការណ៍អំពីករណីជម្លោះហិង្សា វាយតប់គ្នា នៅភោជនីយដ្ឋានមួយកន្លែង ស្ថិតក្នុងសង្កាត់ណងព្រឺ (หนองปรือ) ស្រុកបាងលៈមុង (บางละมุง) ខេត្តជលបុរី (ชลบุรี)។ ភា្លមៗ ប៉ូលិស និងក្រុមអ្នកជួយសង្គ្រោះ ស្ថិតក្នុងទីក្រុងប៉ាតាយ៉ា ក៏បានចុះមកដល់កន្លែងកើតហេតុ។ ប៉ូលិស ឱ្យដឹងបន្ដថា នៅក្នុងភោជនីយដ្ឋាននោះ ប៉ូលិសបានរកឃើញបុរសជនជាតិស្កុតឡែនដ៏ម្នាក់ កំពុងអង្គុយនៅលើតុមួយ ដោយមានឈាមហូរស្រោចខ្លួន និងមានស្នាមរបួសនៅលើក្បាល ដាច់រយះធំ។ ឃើញបែបនេះ ក្រុមអ្នកជួយសង្គ្រោះ បានជួយសង្គ្រោះបឋម មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកទិដ្ឋភាពនៅក្នុងភោជនីយដ្ឋានកើតហេតុ ក៏រងការខូចខាតយ៉ាងដំណំផងដែរ ដោយមានបំណែកកញ្ចក់ ធ្លាក់រាយប៉ាយពេញកម្រាលឥដ្ឋ។

ប៉ូលិសបានកំណត់អត្តសញ្ញាណក្រៅផ្លូវការលើស្ត្រីជនជាតិថៃ ពាក់ព័ន្ធនឹងករណីហិង្សានោះ ឈ្មោះ ប្រាង (ឈ្មោះក្លែងក្លាយ) អាយុ៤៩ឆ្នាំ។ ករណីហិង្សានេះ ត្រូវបានគេរាយការណ៍ថា ស្ត្រីដៃដល់ នៅមានកំហឹងយ៉ាងពុះកញ្ជ្រោល និងស្រែកឡូឡា កំលុងប៉ូលិសចុះទៅដល់។ ស្ត្រីជនដៃដល់ បានប្រាប់ប៉ូលិសថា បុរសរងរបួសម្នាក់នេះ ជាមិត្តប្រុសរបស់នាង ហើយពួកគេទាំង២មានទំនាក់ទំនងស្នេហាជាមួយគ្នា អស់រយៈពេលប្រហែល៤ឆ្នាំមកហើយ។ ប៉ុន្ដែមួយរយៈពេលថ្មីៗ នាងបានស៊ើបដឹងថា សង្សាររបស់នាង បានលួចលាក់ទាក់ទងជាមួយនារីម្នាក់ធ្វើការនៅក្នុងបារ ទើបនាងបានសួរនាំ ស្វែងរកការពិត។ ប៉ុន្ដែនៅក្នុងអំឡុងពេលនាងបានសាកសួរនោះ មិត្តប្រុសរបស់នាង បានសារភាពតាមត្រង់ នៅចំពោះមុខនាង ថា៖«ខ្ញុំបានស្រឡាញ់នារីម្នាក់នោះ ដែលធ្វើការនៅក្នុងបារ»។

ស្ត្រីជាជនដៃដល់ បានបន្ដ ថា គ្រាន់តែឮសម្ដីរបស់មិត្តប្រុសរបស់នាងសារភាពបែបនេះភ្លាម កំហឹងនៅក្នុងខ្លួនរបស់នាង បានពុះកញ្ជ្រោលឡើង រហូតលែងអាចគ្រប់គ្រងអារម្មណ៍បាន។ ភ្លាមៗនោះ នាងបានស្ទុះទៅចាប់កែវ និងដបសូដា វាយប្រហារទៅលើក្បាលមិត្តប្រុសរបស់នាងជាច្រើនដប និងកែវ បណ្ដាលឱ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរ និងបែកឈាមហូរប្រឡាក់ពេញមុខ៕




