
រាជធានីបាកកក៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រតិកម្មខ្លាំងៗ ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ដើរចូលតំបន់អានសេះ ដែលជាទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាតបើកភ្លើងខៀវស្វាគមន៍ ពេលនេះ អនុទីន ឆានវីរគុល បានដកជំហានបកក្រោយទៅទស្សនាសមយុទ្ធយោធាកងទ័ពជើងទឹកនៅខេត្តជលបុរី វិញ។ នេះបើតាមការចុះផ្សាយរបស់កាសែត AMRIN TV នៅថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហា ឆ្នាំ២០២៦។

យោងតាមកាសែតខាងលើ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅតំបន់ឈូងសមុទ្ទថៃ ស្រុកស័តហីប (สัตหีบ) ខេត្តជលបុរី លោកស្រី រជ្ជតា ធនាទិរ៉េក (รัชดา ธนาดิเรก) អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានអះអាងថា លោក អនុទីន បានអញ្ជើញជាអធិបតីក្នុងពិធីត្រួតពិនិត្យសមយុទ្ធកងកម្លាំងនាវាជើងទឹក ដើម្បីតាមដានសមត្ថភាព ការប្រុងជើងការខ្ពស់ និងសក្តានុពលនៃគ្រឿងយុទ្ធោបករណ៍របស់កងនាវឹកភូមិន្ទ។ នាឱកាសនោះ នាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូបានធ្វើដំណើរទៅលើនាវាផ្ទុកយន្តហោះ HTMS Chakri Naruebet ដែលកំពុងបោះយុថ្កាសំចតនៅកណ្តាលសមុទ្ទ ដើម្បីទស្សនាសមយុទ្ធប្រចាំឆ្នាំ២០២៦ ដោយមានការបាញ់កាំភ្លើងធំកិត្តិយសស្វាគមន៍ចំនួន១៩គ្រាប់ ចេញពីនាវាចម្បាំង HTMS Chao Phraya។

លោក អនុទីន បញ្ជាក់ថា៖«បន្ទាប់ពីបានចុះពិនិត្យសមយុទ្ធប្រតិបត្តិការរបស់កងទ័ពជើងទឹក និងបានឡើងលើនាវា HTMS Chakri Naruebet នាថ្ងៃនេះ ខ្ញុំមានអារម្មណ៍ក្តុកក្តួល និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់ និងភាពជាអាជីពខ្ពស់របស់យោធិនគ្រប់រូប។ ខ្ញុំសូមកោតសរសើរ និងលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងសន្តិភាពរបស់ប្រទេសថៃឱ្យបានរឹងមាំជានិច្ច។ កងភូមិន្ទនាវាជើងទឹក គឺជាមោទនភាពដ៏ខ្ពង់ខ្ពស់របស់ជាតិ!»។ គួរបញ្ជាក់ថា ក្នុងមួយរយៈពេលចុងក្រោយនេះ យោធាថៃហាក់ចោលភ្នែក និងផ្តោតខ្លាំងលើការពង្រឹងសមត្ថភាពកងទ័ពជើងទឹកបន្ថែមទៀត ក្រោយឃើញកម្ពុជាទទួលបាននាវវាចម្បាំងថ្មី ពីមហាមិត្តដែកចិន៕






