
សមុទ្ទប្រាការ៖ អគ្គិភ័យមួយ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីព្រឹក ថ្ងៃអង្គារ ទី២៥ ខែសីហានេះ នៅទីតាំងរោងចក្រគីមី មីង ឌី (Ming Dih Chemical) ដែលត្រូវបានគេបោះបង់ចោល ស្ថិតក្នុងស្រុក Bang Phli ខេត្តសមុទ្ទប្រាការ នៃប្រទេសថៃ ដោយបានបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ក្រាស់ឃ្មឹក បង្កការតក់ស្លុត និងព្រួយបារម្ភជាខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង។

កងកម្លាំងពន្លត់អគ្គិភ័យ បានចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗ។ យ៉ាងណា មិនទាន់មានរបាយការណ៍ អំពីអ្នករងរបួស ឬបាត់បង់ជីវិតនោះឡើយ។ ជុំវិញហេតុការណ៍នេះ អាជ្ញាធរមានសមត្ថកិច្ច បានសន្និដ្ឋានជាបឋមថា អគ្គិភ័យនេះ អាចបណ្ដាលមកពីផ្កាភ្លើង ដែលគេកាត់ដែកអេតចាយខុសច្បាប់ រួចហើយវាបានហោះទៅប៉ះស្នោដែលនៅសេសសល់ក្នុងទីតាំងនោះ រហូតបង្កឱ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង។

គួររម្លឹកផងដែរថា រោងចក្រគីមីមួយនេះ ធ្លាប់រងការបំផ្លិចបំផ្លាញយ៉ាងខ្ទេចខ្ទី នៅក្នុងហេតុការណ៍ផ្ទុះ និងឆេះយ៉ាងរន្ធត់ កាលពីខែកក្កដា ឆ្នាំ២០២១ ដែលកាលណោះបានផ្តាច់ជីវិតអ្នកពន្លត់អគ្គិភ័យម្នាក់ និងបង្កឱ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល។ ផ្អែកលើហេតុការណ៍ដដែលៗនេះ ប្រជាពលរដ្ឋក្នុងតំបន់ បានខឹងសម្បាយ៉ាងខ្លាំង និងទាមទារយ៉ាងដាច់អហង្ការឱ្យអាជ្ញាធរពាក់ព័ន្ធ បង្កើនវិធានការសន្តិសុខឱ្យបានតឹងរ៉ឹងបំផុត និងប្រញាប់ប្រញាល់កម្ទេច ឬជញ្ជូនសារធាតុគីមីគ្រោះថ្នាក់ ដែលនៅសេសសល់ចេញឱ្យអស់ជាប្រញាប់ ជាជាងទុកឱ្យគ្រោះមហន្តរាយ កើតឡើងជាថ្មីម្ដងទៀត៕



