
រាជធានីបាងកក៖ កងទ័ពជើងទឹកភូមិន្ទថៃ បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់របងព្រំដែនដំណាក់កាលដំបូង ដែលមានប្រវែង១,៣គីឡូម៉ែត្រ នៅតាមបណ្តោយព្រំដែនជាប់កម្ពុជា។ នេះបើតាមកាសែតថៃ Amrin TV ចុះផ្សាយ នៅថ្ងៃទី២៥ ខែសីហា។ គេអាចចោទសួរថា តើរបងព្រំដែននេះ អាចលយចូលក្នុងដីកម្ពុជាដែរឬទេ?

លោក ប៉ារ៉ាច រតនៈជ័យភណ្ឌ (Parach Rattanachaiyapan) អ្នកនាំពាក្យ កងទ័ពជើងទឹកថៃ លើកឡើងថា កាលពីថ្ងៃទី២៣ ដល់២៤ ខែសីហា ឆ្នាំ២០២៦ ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ បានដឹកនាំក្រុមអ្នកសារព័ត៌មានចុះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកពងណាំរ៉ុន (Pong Nam Ron) ខេត្តចន្ទបុរី ដើម្បីធ្វើជាសាក្សីលើការបិទបញ្ចប់ដំណាក់កាលទី១នៃការសាងសង់របងព្រំដែន នៅចន្លោះបង្គោលលេខ៥២ ដល់បង្គោលលេខ៥៤ ដែលមានប្រវែងសរុប១,៣គីឡូម៉ែត្រ។

សំណង់របងជាបេតុងអាមេនេះ មានកម្ពស់រហូតដល់៣,៣៥ ម៉ែត្រ ហើយត្រូវបានសាងសង់ឡើងដោយដាក់បន្លាលួសផងដែរ។ ផែនការបន្ទាប់ យោធាថៃគ្រោងនឹងពង្រីកការសាងសង់បន្តពីបង្គោលលេខ៥៤ ទៅបង្គោលលេខ៥៩ ក្នុងប្រវែងជាង៧គីឡូម៉ែត្រទៀត។ សូមជម្រាបថា បច្ចុប្បន្ន យោធាថៃ កំពុងបន្តធ្វើសកម្មភាពរំលោភបំពានជាច្រើនលើដែនដីកម្ពុជាតាមព្រំដែន ដូចជា រាយលួសបន្លា ដាក់ទូរកុងតឺនឺ ធ្វើផ្លូវ និងជីកលេណដ្ឋាន ជាដើម។ រឿងមួយទៀត ដែលគេមិនអាចមើលរំលងដែរនោះ គឺប្រជាជនកម្ពុជាមួយចំនួនធំ នៅមិនអាចវិលត្រឡប់ទៅភូមិឋានវិញបាននោះទេ ដោយសារយោធាថៃដណ្តើមយក និងកំពុងកាន់កាប់ទាំងខុសច្បាប់៕



