
រាជធានីបាងកក៖ កងទ័ពជើងគោកភូមិន្ទថៃ បានទទូចស្នើទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក អាឌុល ប៊ុនថាំចារើន (Adul Boonthamcharoen) ដើម្បីសម្រុកធ្វើទំនើបកម្មយោធាជាបន្ទាន់ ក្នុងបំណងត្រៀមប្រឈមមុខនឹងសង្គ្រាមសម័យទំនើប ដោយបានស្នើបង្កើតក្រុមដ្រូនប្រយុទ្ធ ព្រមទាំងទាមទារឱ្យបញ្ជាទិញអាវុធបំផ្លិចបំផ្លាញធុនធ្ងន់ រួមមាន៖ រថពាសដែក កាំភ្លើងធំ M777 និងប្រព័ន្ធរ៉ុក្កែតធុនធ្ងន់ HIMARS ។ នេះបើតាមការចុះផ្សាយដោយកាសែត Amrin TV នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ យ៉ាងណា ការអំពាវនាវរបស់យោធាថៃ គឺកើតឡើង ស្របគ្នាជាមួយវិបត្តិព្រំដែន បន្ទាប់ពីយោធាឈ្លាននៅតែបន្តអាកប្បកិរិយាឈ្លានពានឡើងវិញ។

ការជំរុញធ្វើទំនើបកម្មសាស្ត្រាវុធដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅបញ្ជាការដ្ឋានកងទ័ពជើងគោកភូមិន្ទថៃ រវាងអ្នកនាំពាក្យ ក្រសួងការពារជាតិ លោក ស៊ូរៈសាន គង់សិរី (Surasan Kongsiri) និងអ្នកនាំពាក្យ កងទ័ពជើងគោក លោក វីនថៃ ស៊ូវ៉ារី (Winthai Suware) ជំនួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការពារជាតិថៃ។ ជាក់ស្តែង កងទ័ពជើងគោកថៃ បានសង្កត់ធ្ងន់ថា ខ្លួនត្រូវតែដំឡើងសមត្ថភាពយោធាឱ្យដល់កម្រិតអតិបរមា ដើម្បីឆ្លើយតបនឹងការគំរាមកំហែង ដែលកំពុងវិវឌ្ឍយ៉ាងលឿន។ មិនតែប៉ុណ្ណោះ កងទ័ពជើងគោកថៃ ស្នើកែទម្រង់រចនាសម្ព័ន្ធកងទ័ពអាកាស ដោយបង្កើតមជ្ឈមណ្ឌលសង្គ្រាមយន្តហោះគ្មានមនុស្សបើក ឬក្រុមដ្រូនប្រយុទ្ធ ដើម្បីក្តោបបច្ចេកវិទ្យាវាយប្រហារ នៅលើអាកាស។

យោធាជើងគោក ក៏បានទាមទារឱ្យរដ្ឋមន្រ្តីក្រសួងការពារជាតិ បង្កើនកញ្ចប់ថវិកាទិញរថពាសដែក, កាំភ្លើងធំ M777 និងប្រព័ន្ធរ៉ុក្កែតស្វ័យប្រវត្តិ HIMARS ដែលជាអាវុធវាយប្រហារចម្ងាយឆ្ងាយ មានប្រសិទ្ធភាពខ្ពស់។ ការផ្លាស់ប្ដូរយុទ្ធសាស្ត្រ និងការស្រេកឃ្លានអាវុធធុនធ្ងន់របស់កងទ័ពជើងគោកថៃ នាពេលនេះ គឺជាសញ្ញាព្រមានមួយ ដែលបង្ហាញថា ថៃកំពុងប្រញាប់ប្រញាល់ទិញអាវុធផ្ញុក ចូលឃ្លាំង និងបង្កើនសក្តានុពលយោធារបស់ខ្លួនយ៉ាងគំហុក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្របពេលព្រំដែនរបស់កម្ពុជា កំពុងតែរងនូវការឈ្លានពាន ពីសំណាក់ចោរទិសខាងលិច៕





