
រាជធានីបាងកក៖ អាជ្ញាធរសន្តិសុខថៃ បានទម្លាយផែនការយុទ្ធសាស្ត្រធំៗចំនួន៩ ដើម្បីកសាងរបងដែកប្រវែងច្រើនគីឡូម៉ែត្រ និងជាច្រើនទីតាំង ក្នុងខេត្តនរាធិវាស (นราธิวาส) ជាប់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ដោយបោះទុនថវិកាយ៉ាងច្រើនរហូតដល់៧៤៩លានបាត ឬជាង២០លានដុល្លារ ក្រោមលេសបិទផ្លូវ និងបង្ក្រាសកម្មភាពរត់ពន្ធអាវុធ គ្រាប់កាំភ្លើង រំសេវផ្ទុះ ទំនិញគេចពន្ធ និងបទល្មើសឆ្លងដែនខុសច្បាប់គ្រប់រូបភាព ដែលបានគំរាមកំហែងដល់សន្តិសុខជាតិ។

លោក ប្រាសឺត មួឈាងកា (ประเสริฐ มั่วเชียงกา) នាយកមជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការភូមិភាគ៥ នៃបញ្ជាការដ្ឋានសន្តិសុខផ្ទៃក្នុង បានដឹកនាំក្រុមអ្នកសារព័ត៌មានចុះពិនិត្យច្រកទ្វារគយ ប៊ូកេតា (บูเคตา) ក្នុងស្រុកវែង (แว้ง) ខេត្តនរាធិវាស ជាប់ព្រំដែនម៉ាឡេស៊ី ដើម្បបង្ហាញពីវឌ្ឍនភាពនៃការត្រៀមលក្ខណៈសង់របងបិទខ្ទប់ព្រំដែននេះ។ ទន្ទឹមគ្នា លោក ភីឈីត កែវមេធ (พิเชษฐ์ แก้วเมฆ) ប្រធានផ្នែកថវិកានិងផែនការនៃកងកម្លាំងពិសេសខេត្តនរាធិវាស គូសបញ្ជាក់ថា របងដែកនេះនឹងត្រូវសាងសង់ពីលើទំនប់អាងស្តុកទឹកដែលមានស្រាប់ ដោយចាក់គ្រឹះយ៉ាងរឹងមាំ និងបំពាក់របងសំណាញ់ដែកដែលមានកម្ពស់រហូតដល់៣ម៉ែត្រ។

ថៃបានប្រកាសផែនការប្រតិបត្តិការចំនួន៩រួមមាន៖ ផែនការទី១ ឃុំឡូឈុត ស្រុកវែង ប្រវែង១២,៤០គីឡូម៉ែត្រ, ផែនការទី២ ឃុំណានណាក់ហ៍ ស្រុកតាកបៃ ប្រវែង១០គីឡូម៉ែត្រ, ផែនការទី៣ ឃុំកោះសាទុន ឃុំកោះសិត និងឃុំណានណាក់ ស្រុកតាកបៃ ប្រវែង១០,៨២គីឡូម៉ែត្រ, ផែនការទី៤ ឃុំមូណូ ស្រុកសួយគោក ប្រវែង១០,១៩គីឡូម៉ែត្រ, ផែនការទី៥ ឃុំខោឡែ និងឃុំឡូឈុត ស្រុកវែង ប្រវែង១១,៨០គីឡូម៉ែត្រ។ ផែនការទី៦ ឃុំកាយូកាឡា និងឃុំខោឡែ ស្រុកវែង ប្រវែង១១,៥០គីឡូម៉ែត្រ។ ផែនការទី៧ ឃុំកាយូកាឡា និងឃុំខោឡែ ស្រុកវែង ប្រវែង១២គីឡូម៉ែត្រ។ ផែនការទី៨ ឃុំខោឡែ និងឃុំឡូឈុត ស្រុកវែង និងឃុំភូខៅថង ស្រុកស៊ូគីរិន ប្រវែង៧,៨៣គីឡូម៉ែត្រ, និងផែនការទី៩ ឃុំមូណូ ឃុំប៉ាសេម៉ាស និងឃុំសួយកូឡូក ស្រុកសួយកូឡូក ប្រវែង១៧,១០គីឡូម៉ែត្រ។

បច្ចុប្បន្ន គម្រោងនេះ បានឆ្លងកាត់ការអនុម័តបច្ចេកទេសពីនាយកដ្ឋានសាធារណការ និងរៀបចំដែនដីខេត្តនរាធិវាសរួចរាល់ហើយ និងកំពុងរង់ចាំការចុះហត្ថលេខាអនុម័តកញ្ចប់ថវិកាចុងក្រោយពីនាយករដ្ឋមន្ត្រី អនុទីន ឆានវីរ៉ាគុល។ អាជ្ញាធរសន្តិសុខបានអះអាងថា ប្រតិបត្តិការសាងសង់របងព្រំដែនថៃ-ម៉ាឡេស៊ី ក្នុងខេត្តនរាធិវាសនេះ នឹងត្រូវប្រព្រឹត្តទៅ និងបញ្ចប់ក្នុងរយៈពេលប្រមាណ២ឆ្នាំ៕








