
រាជធានីគួឡាឡាំពួរ៖ ការបង្កើនគុណភាពវិស័យអប់រំរបស់ម៉ាឡេស៊ី រហូតឈានដល់កម្រិតពិភពលោក បាននិងកំពុងអូសទាញចំណាប់អារម្មណ៍របស់សិស្ស-និស្សិតអន្ដរជាតិរាប់ម៉ឺននាក់ សម្រុកទៅរៀនសូត្រ និងបានជួយលើកកម្ពស់សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រនៅអាស៊ានមួយនេះ ដែលអាចរកថវិកាបានរាប់ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ...។

សារព័ត៌មានរបស់វៀតណាម VN Express International បានចេញផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហានេះថា វត្តមានរបស់និស្សិតអន្ដជាតិបច្ចុប្បន្ន ប្រហែល១៦៧ ០០០នាក់ បានរួមចំណែកដល់សេដ្ឋកិច្ចរបស់ម៉ាឡេស៊ី ប្រហែល២០ពាន់លានរីងហ្គីតម៉ាឡេ ឬស្មើនឹង៥ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ តាមរយៈការបង់ថ្លៃសិក្សា ការចំណាយលើការរស់នៅ និងការចំណាយពាក់ព័ន្ធផ្សេងៗទៀត។

បើតាមការសិក្សារបស់ស្ថាប័នសេវាកម្មអប់រំពិភពលោករបស់ម៉ាឡេស៊ី (Education Malaysia Global Services) ហៅកាត់ EMGS បង្ហាញដោយលោកនាយកប្រតិបត្តិ ណូវី ថាជូដឌីន ( Novie Tajuddin) បានឱ្យដឹងថា និស្សិតបរទេសម្នាក់ៗ ត្រូវចំណាយប្រាក់គិតជាមធ្យមប្រហែល ១០ ០០០រីងហ្គីតម៉ាឡេ ឬស្មើនឹងប្រហែល២៤៨៣ដុល្លារអាម៉េរិក ក្នុងមួយខែ ខណៈពួកគេកំពុងសិក្សា និងរស់នៅក្នុងប្រទេសម៉ាឡេស៊ី។

លោកនាយកប្រតិបត្តិ EMGS បញ្ជាក់ថា តួនាទីរបស់និស្សិតអន្តរជាតិ មិនត្រឹមតែមានសារសំខាន់ សម្រាប់សាកលវិទ្យាល័យនានាប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងវិស័យសេវាកម្ម នៅក្នុងតំបន់ដែលពួកគេរស់នៅ និងសិក្សាថែមទៀតផង។ សហគមន៍មូលដ្ឋាន នៅជុំវិញសាកលវិទ្យាល័យនានា ទទួលបានអត្ថប្រយោជន៍ពីតម្រូវការលំនៅឋាន ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត។

លោកនាយកប្រតិបត្តិបន្ថែមថា វត្តមានរបស់និស្សិតអន្តរជាតិ ក៏កំពុងជួយជំរុញដល់សកម្មភាពអាជីវកម្មរបស់សហគ្រាសក្នុងស្រុក ជាពិសេស នៅក្នុងវិស័យម្ហូបអាហារ និងសេវាកម្ម ព្រមទាំងបង្កើតផលជាវិជ្ជមានដល់សេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់ដែលមានគ្រឹះស្ថានឧត្តមសិក្សា។ បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ី ត្រូវចាត់ទុកថា ជាគោលដៅឧត្តមសិក្សាលំដាប់កំពូលមួយ នៅក្នុងចំណោមគោលដៅឧត្ដមសិក្សាកំពូលៗទាំង១៤របស់ពិភពលោក។ ការបង្កើនគុណភាពលើវិស័យអប់រំលំដាប់ពិភពលោក បានឆ្លុះបញ្ចាំងពីការកើនឡើង នៃឋានៈរបស់ប្រទេសម៉ាឡេស៊ី នៅក្នុងទីផ្សារអប់រំអន្តរជាតិ។

សូមជម្រាប ថា EMGS ជាស្ថាប័នមួយចំណុះឱ្យក្រសួងឧត្តមសិក្សារបស់ប្រទេសម៉ាឡេស៊ី ហើយមានតួនាទីយ៉ាងសំខាន់ លើកកម្ពស់ការអប់រំអន្តរជាតិ និងគាំទ្រដល់ការគ្រប់គ្រងនិស្សិតអន្តរជាតិ នៅក្នុងប្រទេស៕




