
ក្រុងសិរីសោភ័ណ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានជំរុញដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រូវស្រាវជ្រាវ និងបំបែកបណ្តាញមេខ្យល់ដែលនាំមនុស្សឆ្លងដែនខុសច្បាប់ កុំលើកលែងឱ្យសោះ ពិសេស ក្នុងកំលុងកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃ…។

ក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះថា លោកស្រី ជូ ប៊ុនអេង បានអញ្ជើញធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦សីហា ដើម្បីដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត ជុំវិញការគ្រប់គ្រង់រំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋកម្ពុជា និងជនបរទេស។ ដើម្បីជាវិធានការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ឱ្យបានយ៉ាងម៉ឺងម៉ាត់ អនុប្រធាន អ គ.ជ.ប.ជ ជំរុញឱ្យអាជ្ញាធរខេត្តត្រូវណែនាំដល់ពលរដ្ឋពីហានិភ័យ ការលួចឆ្លងដែនដោយខុសច្បាប់ ជាពិសេស ក្នុងពេលដែលព្រំដែនកំពុងរងការឈ្លានពានពីសំណាក់ប្រទេសថៃ។ ដោយឡែក អាជ្ញាធរខេត្ត កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាពង្រឹងសន្តិសុខសុវត្ថិភាពតាមព្រំដែន ដោយត្រូវស្រាវជ្រាវ និងបំបែកបណ្តាញមេខ្យល់ និងអ្នករួមគំនិតដែលរៀបចំនាំមនុស្សឆ្លងដែនខុសច្បាប់ យកមកអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ដោយគ្មានការលើកលែងឡើយ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ពាក់ព័ន្ធនឹងការលួចឆ្លងដែនពីសំណាក់ពលរដ្ឋកម្ពុជាទៅកាន់ប្រទេសថៃ កងកម្លាំងពាក់ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែនតែងធ្វើការចុះល្បាតជាប្រចាំ ទប់ស្កាត់មិនឱ្យការលួចឆ្លងដែនខុសច្បាប់ឡើយ។ ចំណែក ការអប់រំណែនាំដល់ប្រជាពលរដ្ឋពីហានិភ័យនៃការលួចឆ្លងដែនខុសច្បាប់ កន្លងមកអាជ្ញាធរបានធ្វើ ហើយនឹងបន្តធ្វើដើម្បីសុខសុវត្ថិភាពរបស់ពួកគាត់។ លោកក៏បានជម្រាបពីស្ថានភាពទូទៅនៅក្នុងខេត្តបន្ទាយមានជ័យ ក្រោយការឈ្លានពានពីសំណាក់យោធាថៃ ដែលមកទល់ពេលនេះនៅមានប្រជាពលរដ្ឋចំនួន៦ភូមិ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារយោធាថៃរំលោភដែនអធិបតេយ្យកម្ពុជាដោយខុសច្បាស់៕





