សម្តេចធិបតី ទម្លាយប្រាប់ថ្នាក់ដឹកនាំបរទេស កងទ័ពថៃបន្តកាន់កាប់ទឹកដីខ្មែរហួសពីខ្សែបន្ទាត់ដែលថៃអះអាងដោយឯកតោភាគី
អុន សម្ផស្ស
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជម្លោះព្រំដែនថៃឈ្លានពានកម្ពុជា នៅតែជាចំណុចសំខាន់ដែលថ្នាក់ដឹកនាំកម្ពុជា លើកឡើងក្នុងពិធីបើក«សន្និសីទប្រធានសភា នៃអន្តរសភាលើកទី២» នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទាញការចាប់អារម្មណ៍ ពីប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការអន្តរសភា អង្គការអន្តរជាតិពាក់ព័ន្ធ និងគណៈប្រតិភូមកពីតំបន់អាស៊ី អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា អូសេអានី និងអាម៉េរិកឡាទីន ឱ្យមកដឹងពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយមានបទឈប់បាញ់ជាងកន្លះឆ្នាំមកនេះ..។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា ទោះកម្ពុជា-ថៃ បានឯកភាពគ្នាក្រោមកិច្ចព្រមព្រៀងរាជធានីគូឡាឡាំពួ ចុះថ្ងៃទី២៦តុលា និងសេចក្ដីប្រកាសរួមចុះថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចាប់ផ្តើមការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនកំណត់ខ្សែបន្ទាត់ព្រំដែនឱ្យបានច្បាស់លាស់រវាងប្រទេសទាំងពីរ សំដៅទប់ស្កាត់វិវាទនាពេលអនាគត និងជាការបើកផ្លូវឱ្យប្រជាពលរដ្ឋភៀសខ្លួនអាចត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ ប្រកបដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរក្ដី ក៏គណៈកម្មការនេះនៅមិនទាន់បានអនុវត្តការងារទាំងនេះទេ។

ជាក់ស្តែង ប្រជាពលរដ្ឋខ្មែរភៀសខ្លួនជាង២ម៉ឺននាក់ នៅតែមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។ ទន្ទឹមគ្នានេះ សម្តេចគូសរំលេច ប្រាប់ថ្នាក់ដឹកនាំបរទេសថា៖«កងទ័ពថៃ នៅតែបន្តកាន់កាប់ទីតាំងជាច្រើនចូលមកក្នុងទឹកដីកម្ពុជាហួសតាំងពីខ្សែបន្ទាត់ព្រំដែន ដែលខ្លួនបានទាមទារជាឯកតោភាគីថែមទៀត»។ សម្តេចនាយករដ្ឋមន្ត្រី ហៅសកម្មភាពយោធាថៃនេះ ជាការព្យាយាមបង្កើតនូវអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (fait accompli) ក្នុងតំបន់ដែលខ្លួនកំពុងគ្រប់គ្រង ដូចជា ការរាយលួសបន្លា, ការដាក់ទូកុងតឺន័រ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ព្រមទាំងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋថៃ មុនពេលកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនត្រូវបានបញ្ចប់ គឺជាក្ដីព្រួយបារម្ភមួយយ៉ាងក្រៃលែង។ 

ទោះប្រឈមនឹងបញ្ហាទាំងនេះក្ដី សម្តេចនាយករដ្ឋមន្ត្រីអះអាងថា កម្ពុជានៅតែប្រកាន់ខ្ជាប់ជានិច្ចនូវជំហរដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។ សក្ខីភាពបញ្ជាក់យ៉ាងច្បាស់ អំពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់កម្ពុជា ស្តែងឡើងតាមរយៈការផ្តួចផ្តើមយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Reconciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ(UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្ទជាមួយប្រទេសថៃ ដើម្បីស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ និងយូរអង្វែង ដែលឈរលើមូលដ្ឋានច្បាប់អន្តរជាតិយ៉ាងរឹងមាំ។ តាមរយៈសុន្ទរកថាគន្លឹះដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ជម្លោះព្រំដែនរវាងកម្ពុជា និងប្រទេសថៃ មិនមែនត្រឹមតែជាបញ្ហាទ្វេភាគីនោះទេ ប៉ុន្តែក៏ជាការព្រួយបារម្ភសកលផងដែរ ជុំវិញការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រួមមានគោលការណ៍មិនរំលោភបំពានព្រំដែន និងធម្មនុញ្ញអាស៊ាន៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត