មេខ្យល់ខ្មែរ២នាក់លួចដឹកជនជាតិចិនខុសច្បាប់៦នាក់ឆ្លងដែនពីប្រទេសឡាវត្រូវជាប់ខ្នោះនៅខេត្តក្រចេះ
ហ៊ែល កំសាន
29 មេសា 2024 11:00 AM

ខេត្តក្រចេះ៖ បុរសជនជាតិខ្មែរ២នាក់ និងបុរស​ជនជាតិ​ចិនចំនួន៦នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីថ្ងៃទី២៨ ខែមេសានេះ ក្រោយបុរសខ្មែរទាំង២នាក់ ជាមេខ្យល់លួចដឹកជញ្ជូនជនជាតិចិន តាមរថយន្តមួយគ្រឿងចូលកម្ពុជាដោយខុសច្បាប់។

ក្រុមមេខ្យល់ខ្មែរនិងក្រុមជនជាតិចិនទាំងនោះត្រូវបានកម្លាំងអធិការដ្ឋានស្រុកសំបូរ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្ដាន់ ឃាត់ខ្លួនបាន អំឡុងពេលពួកគេកំពុងធ្វើដំណើរតាមរថយន្តម៉ាក lexus470 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2G.4697 កាលពីវេលាម៉ោង 9៖00នាទី ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នៅចំណុច ភូមិចាត្នោល ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។ប្រភពអាជ្ញាធរបានឱ្យដឹងថា ក្រុមជនជាតិចិនទាំងនោះ គឺបានឆ្លងដែនខុសច្បាប់ចេញពីទឹកដីប្រទេសឡាវ ហើយបានឆ្លងតាមទូកមកទឹកដីខ្មែរ ដោយមានមេខ្យល់ជាជនជាតិខ្មែរពីរនាក់ចាំទទួលដឹកពីព្រំប្រទល់ប្រទេសឡាវ មកកម្ពុជាដើម្បីបន្តយកទៅខេត្តព្រះសីហនុ។

ប្រភពដដែលបន្តថា មូលហេតុដែលអាជ្ញាធរអាចឃាត់ខ្លួនពួកគេបាន ព្រោះរថយន្តដឹកជញ្ជូនជនជាតិចិនទាំងនោះ ធ្លាប់ជាមុខសញ្ញាដឹកជនជាតិចិនខុសច្បាប់កាលពីពេលកន្លងទៅ។ ក្រោយពីកំណត់បានមុខសញ្ញា អាជ្ញាធរបានបើករថយន្តតាមពីក្រោយ រហូតធ្វើឱ្យមេខ្យល់ខ្មែរដឹងខ្លួន នឹងបន្តបើករត់គេចចេញពីផ្លូវជាតិលេខ៧ និងព្យាយាមបើករត់គេចរហូតដល់ផ្លូវទាល់ ក៏បានចតរថយន្តនោះទុកចោល និងនាំគ្នារត់គេចពីអាជ្ញាធរតែម្ដង។ តែទោះជាយ៉ាងណា សមត្ថកិច្ចសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលសណ្ដាន់និងប្រជាការពារភូមិក៏ចាប់ពួកគេទាំងនោះបានវិញទាំងអស់។ ពាក់ព័ន្ធនិងករណីនេះ លោក ជ្រិន សុធា អធិការនគរបាលស្រុកសំបូរ បានឱ្យដឹងថា ក្រោយពីអាជ្ញាធរបានចាប់ខ្លួន ក្រុមជនជាតិចិនទាំងនោះត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះរួចរាល់ហើយ។ រីឯលោក អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានឱ្យដឹងថា កម្លាំងជំនាញកំពុងតែបន្តធ្វើការសាកសួរក្រុមជនជាតិចិន និងខ្មែរនោះនៅឡើយ ដើម្បីបន្តចាត់ការទៅតាមតិវិធីច្បាប់៕

រាយការណ៍ដោយភ្នាក់ងារ៖ ខេត្តក្រចេះ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត