ពលរដ្ឋកម្ពុជានៅតែបន្តចេញចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ
SBM News
14 មករា 2022 09:00 PM

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋខ្មែរប្រមាណ ១០នាក់ ត្រូវមេខ្យល់នាំឆ្លងដែនខុសច្បាប់ បានវិលត្រឡប់មកកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។

កម្លាំងយោធាវរសេនាតូច៥៣៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឯក-អាំផន (មេបញ្ជាការកងអនុសេនាធំ) បានទៅទទួលប្រជាពលរដ្ឋខាងលើ ដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។ ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពី ការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន។

ក្រោយទទួលក្រុមពលរដ្ឋឆ្លងដែនខុសច្បាប់ខាងលើ កម្លាំងសមត្ថកិច្ច បានកត់ធ្វើកំណត់ហេតុ និងបានអប់រំណែនាំ រួចប្រគល់ពួកគាត់ ឱ្យទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ដើម្បីធ្វើតេស្តសុខភាព ដោយលទ្ធផលអវិជ្ជមាន កូវីដ-១៩ ទើបអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន។ ប៉ុន្តែសម្រាប់អ្នកមានបណ្ណចាក់វ៉ាក់សាំងតែស្កេនមិនចេញ ចំនួន ០៤នាក់ ស្រី០៣នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក រោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត