
រាជធានីភ្នំពេញ៖ អតីតទណ្ឌិតពីរលើកដែលជាមុខសញ្ញាចាស់ ត្រូវបានកម្លាំងនគរបាល ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនសាជាថ្មីម្ដងទៀត បន្ទាប់ពីធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ...។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កន្លងមក កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនអតីតទណ្ឌិត២លើកឈ្មោះ ពេជ្រ ប៉ារីស ហៅ ឆេងពេជ្រ ជុំវិញករណីចេញប្រតិបត្តិការលួច ឆក់ យ៉ាងសកម្មក្រោយពីអតីតទណ្ឌិតរូបនេះ ចេញពីពន្ធនាគារភ្លាមៗ។ សមត្ថកិច្ចឱ្យដឹងបន្តថា អតីតទណ្ឌិតដែលមិនចេះរៀងចាលរូបនេះ បានធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវចំនួន២លើកផ្ទួនៗគ្នា។ យ៉ាងណា បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា និងអត្តសញ្ញាណជនប្រព្រឹត្តបទល្មើស។

តាមរយៈការស្រាវជ្រាវលម្អិត សមត្ថកិច្ចរកឃើញប្រវត្តិជនល្មើសរូបនេះ គឺជាអតីតទណ្ឌិត ដែលធ្លាប់ជាប់ពន្ធនាគារ២លើករួចមកហើយ ពោលគឺកាលពីកំលុងឆ្នាំ២០២០ម្តង និងនៅឆ្នាំ២០២៣ម្តងទៀត ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិពលរដ្ឋដដែលនេះ ពលគឺរូបគេមិនប្តូរមុខរបបផ្សេងឡើយ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន អតីតទណ្ឌិត ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាននិងកំពុងធ្វើការសាកសួរតាមនីតិវិធីដើម្បីរកបក្ខពួក និងបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។ ជុំវិញការមិនរៀងចាលរបស់អតីតទណ្ឌិតនេះដែរ មហាជនបានបញ្ចេញមតិស្នើដល់ប្រព័ន្ធតុលាការ គួរមានវិធានការដាក់ទោសទណ្ឌលើទណ្ឌិតដែលមិនចេះកែខ្លួននេះ ឱ្យបានធ្ងន់ធ្ងរបំផុត ដ្បិតអី..រូបគេចេញពីមណ្ឌលកែប្រែហើយ តែនៅបន្តសកម្មភាព លួច ឆក់ ដដែលជាដដែលបែបនេះ៕



