អសីលធម៌ពេក..! ក្រសួងវប្បធម៌ នឹងស្វែងរកក្រុមរាំអា.ស.អា.ភា.សក្នុងពិធីកាត់សក់តាមមង្គលការធ្វើកិច្ចសន្យា
អុន សម្ផស្ស
07 មិថុនា 2024 07:15 AM

រាជធានីភ្នំពេញ៖ ក្រោយមានការបង្ហោះចែកចាយវីដេអូក្រុមកាត់សក់បុរាណខ្មែរតាមពិធីមង្គលការ មួយចំនួនបង្ហាញសកម្មភារាំបែបស្រើបស្រាលអាសអាភាស អសីលធម៌ពេក ក្រសួងវប្បធម៌ប្រកាសចាត់វិធានការក្ដៅស្រាវជ្រាវរកក្រុមទាំងនោះមកធ្វើកិច្ចសន្យាបញ្ឈប់ ករណីមិនរាងចាលក្រសួងថានឹងត្រូវអនុវត្តវិធានការច្បាប់ជាដាច់ខាត។ នេះបើតាមសេចក្តីណែនាំ និងអំពាវនាវ របស់ក្រសួងវប្បធម៌ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤..។

លិខិតដដែលបង្ហាញថា ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ បានសង្កេតឃើញអំពីការចែករំលែកក្នុងបណ្តាញសង្គម ដើម្បីចូលរួមរិះគន់កែលម្អ ចំពោះសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្ដែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍ មួយចំនួន ដែលធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។ «ហេតុនេះក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងកោះហៅ ក្រុមសិល្បៈទាំងនោះ មកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ក្នុងករណី នៅតែបន្ត ប្រព្រឹត្តសកម្មភាពអសីលធម៌ទាំងនេះ វិធានការច្បាប់មួយ នឹងត្រូវប្រកាន់យកតាមគោលការណ៍ដែល មានជាធរមាន»។   

ទន្ទឹមគ្នានោះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈស្នើ ក្រុមសិល្បៈនានាដែលចូលរួមសម្ដែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព អសីលធម៌ ហើយខិតខំស្វែងយល់ប្រឹងប្រែងរៀបចំឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ ថ្លៃថ្លារបស់ជាតិដែលជាកេរដំណែលពីដូនតាមក។ បន្ថែមលើនោះ ក្រសួងស្នើពលរដ្ឋគ្រប់មជ្ឈដ្ឋាន កុំចូលរួមចែករំលែកឃ្លីបវីដេអូ ឬរូបភាពអវិជ្ជមានណាមួយដែលជា សកម្មភាពអាស និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃសង្គមជាតិ។

ស្ថាប័នជំនាញផ្នែកវប្បធម៌នេះ ក៏បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះស្មារតី ស្រលាញ់ ការពារ និងចូលរួមថែរក្សាតម្លៃវប្បធម៌ជាតិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបក្នុងការទប់ស្កាត់នូវរូបភាព អវិជ្ជមានគ្រប់ទម្រង់ដែលធ្វើឱ្យប៉ះពាល់តម្លៃនៃមរតកដូនតា។ គួរជម្រាបថា ពិធីអាពាហ៍ពិពាហ៍ គឺជាពិធីផ្តល់សិរីមង្គលដល់កូនៗដែលជាគូស្រករថ្មី។ ក្នុងន័យនេះ អាណាព្យាបាលទាំងឡាយ គួរពិនិត្យ និងពិចារណាឱ្យបានដិតដល់ក្នុងការស្វែងរកក្រុមសិល្បៈនីមួយៗ ដែលមកចូលរួមក្នុងពិធីមង្គលដ៏សំខាន់បំផុតក្នុងជីវិតរបស់កូនចៅខ្លួន៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត